ព័ត៌មានអន្តរជាតិ

ញត្តិរបស់លោក ថាក់ស៊ីន ស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ ធ្លាក់ដល់ដៃក្រសួងយុត្តិធម៌ហើយ

AFP

បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងជាប់ពន្ធនាគារ បានដាក់ពាក្យស្នើសុំការលើកលែងទោស ពីព្រះមហាក្សត្ររួចហើយ, នេះបើយោងតាមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ស្តីទីរបស់ថៃ លោក វិស្ណុ ក្រែងាម (Wissanu Krea-ngam) បានលើកឡើង។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន លោក វិស្ណុ បាននិយាយកាលពីម្សិលមិញថា លោកបានទទួលញត្តិសុំលើកលែងទោស ពីព្រះមហាក្សត្ររបស់លោក ថាក់ស៊ីនរួចហើយ ហើយថាវានឹងត្រូវបានដោះស្រាយ តាមច្បាប់នីតិវិធី។

លោក វិស្ណុ ដែលជាអ្នកជំនាញផ្នែកច្បាប់បានពន្យល់ថា លោកថាក់ស៊ីន បានដាក់ញត្តិសុំការលើកលែង ទោសពីព្រះមហាក្សត្រ មិនមែនជាញត្តិសមូហភាពទេ គឺជាញត្តិបុគ្គល ហើយដែលត្រូវបានផ្តល់ សម្រាប់ប្រារព្ធពិធីពិសេស ឬសំខាន់ៗទាក់ទងនឹងរបបរាជានិយម។

លោកបាននិយាយទៀតថា “ការលើកលែងទោសពីព្រះមហាក្សត្រ នឹងត្រូវផ្តល់តាមការឆន្ទានុសិទ្ធិ របស់ព្រះមហាក្សត្រ” ។

នៅពេលសួរថាតើនីតិវិធី នឹងចំណាយពេលយូរដែរឬអត់នោះ លោកថា លោកមិនប្រាកដថា តើនីតិវិធីនេះនឹងត្រូវបញ្ចប់មុនពេល រដ្ឋាភិបាលដែលផុតអាណត្តិចេញពី តំណែងឬយ៉ាងណានោះទេ ។

លោក វិស្ណុ បានបន្ថែមថា រដ្ឋាភិបាលថ្មីមិនទាន់ត្រូវបាន បង្កើតឡើងជាផ្លូវការ និងស្បថចូលកាន់តំណែងនៅឡើយទេ ហើយបើយោងតាមនាយកដ្ឋានកែប្រែ (DoC) ការលើកលែងទោសរបស់ ព្រះមហាក្សត្រមានពីរប្រភេទ គឺការលើកលែងទោសពី ព្រះមហាក្សត្រជាសមូហភាព និងការលើកលែងទោសដោយបុគ្គល។

ការលើក​លែង​ទោស​ជា​សមូហភាព ត្រូវ​បាន​ផ្តល់​ឱ្យ​ជាមួយ​នឹង​ ការ​ប្រកាស​ឱ្យ​ប្រើ​ព្រះរាជក្រឹត្យ ហើយ​នីតិវិធី​ត្រូវ​បាន​ផ្តួចផ្តើម ​ដោយ​អាជ្ញាធរ​ពាក់ព័ន្ធ ដោយ​មិន​ចាំ​បាច់​ឱ្យ​ទណ្ឌិត​ដាក់​ញត្តិ​អ្វី​ឡើយ។

អ្នកដែលមានសិទ្ធិស្នើសុំ ការលើកលែងទោសជាបុគ្គល គឺជាអ្នកទោសដែលត្រូវបានកាត់ទោស អ្នកពាក់ព័ន្ធ ដូចជាឪពុកម្តាយ កូនចៅ និងប្តីប្រពន្ធ និងអ្នកតំណាងការទូត ក្នុងករណីអ្នកទោសបរទេស ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top