ប៉េកាំង៖ អ្នកនាំពាក្យចិនដីគោកបានឲ្យដឹងថា មិនថាអាវុធប៉ុន្មានត្រូវបានទិញពីសហរដ្ឋអាមេរិក ដោយអាជ្ញាធរនៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) របស់តៃវ៉ាន់ ពួកគេមិនអាចអង្រួនឆន្ទៈរបស់ចិនដីគោកក្នុងការដោះស្រាយបញ្ហាតៃវ៉ាន់ និងសម្រេចបាននូវការបង្រួបបង្រួមជាតិឡើងវិញនោះទេ។
លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋបានធ្វើការកត់សម្គាល់នៅពេលឆ្លើយតបទៅនឹងសំណួរប្រព័ន្ធផ្សព្វផ្សាយ ស្តីពីការអនុម័តជំនួយយោធានាពេលថ្មីៗនេះរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដល់តំបន់តៃវ៉ាន់របស់ប្រទេសចិន។
លោក Chen បានលើកឡើងថា អាជ្ញាធរ DPP បានប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលជំហរផ្តាច់ខ្លួននៃ “ឯករាជ្យភាពតៃវ៉ាន់” និងបានខ្ជះខ្ជាយលុយ ដែលរកបានដោយប្រជាជនតៃវ៉ាន់ ដើម្បីទិញអាវុធពីសហរដ្ឋអាមេរិក ក្នុងការប៉ុនប៉ងស្វែងរកគោលបំណងរបស់ពួកគេដោយកម្លាំង។
លោកបានសង្កត់ធ្ងន់ថា ទង្វើទាំងនេះនឹងជំរុញឱ្យកោះតៃវ៉ាន់ ឆ្ពោះទៅកាន់គែមនៃសង្គ្រាម និងបង្កើនការព្រួយបារម្ភរបស់ជនរួមជាតិតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Chen បានបន្ថែមថា ការទិញអាវុធរបស់អាជ្ញាធរ DPP មិនអាចទប់ទល់នឹងសមត្ថភាពរបស់ដីគោកក្នុងការកម្ចាត់ការប៉ុនប៉ង “ឯករាជ្យភាពតៃវ៉ាន់” និងការពារអធិបតេយ្យភាពជាតិបាននោះទេ។
ដីគោកប្រឆាំងដាច់ខាតអាមេរិក ដែលផ្តល់អាវុធដល់តំបន់តៃវ៉ាន់របស់ចិន ហើយជំរុញឱ្យភាគីអាមេរិកគោរពគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំង៣ និងបញ្ឈប់ជាបន្ទាន់នូវការផ្តល់អាវុធដល់តំបន់តៃវ៉ាន់របស់ចិន៕
ប្រែសម្រួល ឈូក បូរ៉ា