នយោបាយ

លោក ប៉ា ងួនទៀង មិនគាំទ្រលោក សម រង្ស៊ីលាបពណ៌វិទ្យុបារាំង

ភ្នំពេញ៖ ប្រធានបទលោក សម រង្ស៊ី វាយប្រហារវិទ្យុបារាំងអន្តរជាតិក្លាយជាប្រធានបទក្តៅ ជាហេតុធ្វើឲ្យប្រធានមជ្ឈមណ្ឌល CCIM លោក ប៉ា ងួនទៀង ដែលជាអ្នកគាំទ្រលោក កឹម សុខា បានប្រកាសមិនគាំទ្រឡើយ។

លោក ប៉ា ងួនទៀង លើកឡើងក្នុងហ្វេសប៊ុក នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ថា “ខ្ញុំក៏មិនគាំទ្រលោក សម រង្សុី ដែលលាបពណ៌ស្ថាប័នវិទ្យុបារាំងអន្តរជាតិ (RFI) ដែរ។ ជាគោលការណ៍ គេគួរតែបែងចែកឲ្យដាច់ រវាងកំហឹងជាមួយបុគ្គល និង ស្ថាបន័”។

លោកថា សង្គមខ្មែរនឹងបន្តជំលោះរ៉ាំរ៉ៃ ប្រសិនបើមិនហ៊ានការពារគោលការណ៍ ដោយសារតែខ្លាចប៉ះគ្នាឯង។

លោក សម រង្ស៊ី លើកឡើងក្នុងហ្វេសប៊ុកថា បទសម្ភាសន៍ រវាងលោកកាលពីថ្ងៃ៣០ តុលា ជាមួយវិទ្យុបារាំងអន្តរជាតិ (RFI) ពីទីក្រុងប៉ារីសនោះ គឺនាយកដ្ឋាន វិទ្យុ RFI ជាភាសាខ្មែរ ស្ថិតក្រោមការគ្រប់គ្រងរបស់បុគ្គលមួយក្តាប់តូច ដែលបម្រើឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដោយបិទមុខ។

ការថ្លែងរបស់លោក សម រង្ស៊ី បន្ទាប់ពីវិទ្យុនេះបានសួរ សំណួរចំគោលដៅអំពីថា ពលរដ្ឋមិនគាំទ្រភាគច្រើន ចំពោះដំណេីរមាតុភូមិនិវត្តរបស់លោក៕

To Top