ព័ត៌មានអន្តរជាតិ

ជំងឺគ្រុនឈាម សម្លាប់ពលរដ្ឋ នៅបង់ក្លាដេស រហូតដល់ជាង៦០០នាក់

រូបភាព៖ Xinhua

ដាកា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ អគ្គនាយកដ្ឋានសេវាសុខភាព ហៅកាត់ថា (DGHS) នៅក្រោមឳវាទក្រសួងសុខាភិបាល បានឲ្យដឹងថា រដ្ឋាភិបាលបង់ក្លាដេស បានបញ្ជាក់ពីការស្លាប់ចំនួន១៦នាក់ ផ្សេងទៀត ដោយសារជំងឺគ្រុនឈាម ដែលនាំឱ្យចំនួនអ្នកស្លាប់ សរុបនៅក្នុងប្រទេសនេះ គិតចាប់តាំងពីខែមករាមានរហូតដល់៦៣៤នាក់ ហើយការស្លាប់នេះ រួមមានចំនួន៤១នាក់នៅក្នុងខែកញ្ញា ចំនួន៣៤២នាក់នៅក្នុងខែសីហា និងចំនួន២០៤នាក់នៅក្នុងខែកក្កដា ។

យោងតាម DGHS បានឲ្យដឹងថា ពីថ្ងៃទី១ដល់ទី៣ ខែកញ្ញា ករណីឆ្លងជំងឺគ្រុនឈាមចំនួន៦.៤៩៤នាក់បន្ថែមទៀតដែលត្រូវបានកត់ត្រា បន្ទាប់ពីមនុស្សចំនួន៧១.៩៧៦នាក់បានឆ្លងជំងឺនេះដែលបណ្តាលមកពីសត្វមូសកាលពីខែមុន ។

ទិន្នន័យរបស់អគ្គនាយកដ្ឋាន DGHS បានបង្ហាញឲ្យដឹងថា ករណីជំងឺគ្រុនឈាមថ្មីសរុបចំនួន២.៦០៨នាក់ បូករួមទាំង៨៩២នាក់នៅទីក្រុង ដាកា ត្រូវបានរាយការណ៍ឲ្យដឹងនៅក្នុងរយៈពេល២៤ម៉ោងរហូតដល់ម៉ោង៨និង០០នាទីព្រឹក ម៉ោងក្នុងស្រុកកាលពីថ្ងៃអាទិត្យ ។

គួរបញ្ជាក់ថា ចំនួនករណីឆ្លងជំងឺគ្រុនឈាមសរុបដែលបានរាយការណ៍គិតចាប់តាំងពីដើមខែមករាបានកើនឡើងដល់ ១៣០.៣០២នាក់ ។

ជំងឺគ្រុនឈាម គឺជាជំងឺឆ្លងកើតឡើងនៅក្នុងតំបន់ត្រូពិចដោយសារសត្វមូសខ្លា ដែលបង្កឡើងដោយវីរុសបង្កជាជំងឺគ្រុនឈាម ហើយរោគសញ្ញា អាចរួមមាន គ្រុនក្តៅខ្លាំង ឈឺក្បាល ក្អួត ឈឺសាច់ដុំ និងសន្លាក់ និងកន្ទួលលើស្បែកផងដែរ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top