ព័ត៌មានអន្តរជាតិ

គ្រោះបាក់ដី នៅព័រទុយហ្គាល់ បង្កឲ្យរងរបួសតិចបំផុត ១១នាក់

លីសប៊ុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ថា ទីភ្នាក់ងារព័ត៌មាន Portuguese Lusa News Agency បានរាយការណ៍មកថា គ្រោះបាក់ដីមួយបានកើតឡើងនៅក្រុង Madeira ដែលជាដែនកោះមួយ របស់ប្រទេសព័រទុយហ្គាល់ នៅមហាសមុទ្រអាត្លង់ទិក បានបង្កឲ្យរងរបួសចំនួន១១នាក់ កាលពីថ្ងៃពុធម្សិលមិញ ហើយ២នាក់ក្នុងចំណោមអ្នករងរបួសទាំងនោះមានស្ថានភាពធ្ងន់ធ្ងរ។ 

ក្នុងចំណោមអ្នករងរបួសទាំងនោះ មាន៦នាក់ជាជនជាតិបារាំង ២នាក់ជាជនជាតិព័រទុយហ្គាល់ ២នាក់ជនជាតិ អាល្លឺម៉ង់  ហើយម្នាក់ជាជនជាតិប្រេស៊ីល សេចក្តីរាយការណ៍បានដកស្រង់សម្តីរបស់មន្ត្រីមួយរូបនៅក្រុង Madeira  ដែលជារម្មនីយដ្ឋានទេសចរណ៍មួយកន្លែង ។

មន្ត្រីដដែលបានបញ្ជាក់ថា ២នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងស្រុក និងបានឲ្យ សម្រាកនៅក្នុងមជ្ឈមណ្ឌលសុខភាពមួយកន្លែង ។

គ្រោះថ្នាក់នេះបានកើតឡើង កាលពីរសៀលថ្ងៃពុធ នៅគ្រាដែលក្រុមជនរងគ្រោះ បានសម្រាកនៅតាមបណ្តោយ នៃដែនកោះដ៏ល្បីល្បាញនេះ ស្ថិតក្នុងចម្ងាយប្រមាណ៦,៥គីឡូម៉ែត្រ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top