ព័ត៌មានជាតិ

សហជីពអំពាវនាវ ឱ្យកម្មករត្រៀមខ្លួន ចូលរៀនជំនាញ ដើម្បីទទួលបានប្រាក់ កម្រៃខ្ពស់

ភ្នំពេញ ៖ ក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពកម្មករ និយោជិត តាមរយៈកម្មវិធីបណ្តុះបណ្តាល របស់រដ្ឋាភិបាល ក្រុមសហជីពអំពាវនាវ ឱ្យកម្មករចូលរៀនជំនាញ បន្ថែម ដើម្បីជាទុនក្នុងការចាប់យក ឱកាសការងារ ទទួលបានប្រាក់កម្រៃខ្ពស់ ក្នុងបរិបទទីផ្សារកាងារថ្មីៗ នាពេលបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា ។

រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី្ត ផ្តល់អនុសាសន៍ ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេសវិជ្ជាជីវៈ ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ចំនួន ប្រមាណ ១,៥លាននាក់ និងសម្របសម្រួលជាមួយភាគី ពាក់ព័ន្ធអនុញ្ញាត ឱ្យបងប្អូនកម្មករនិយោជិត អាចចូលរៀនជំនាញ វិជ្ជាជីវៈផងដែរ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពការងារនៅកន្លែងការងារ ដោយត្រូវរៀបចំវគ្គបណ្តុះបណ្តាល នៅវេនពេលយប់ ឬចុងសប្តាហ៍ ។

ទន្ទឹមនឹងនេះ លោក ឈិន សូនី ប្រធាន សហព័ន្ឋសហជីពការងារសេវាកម្មកម្ពុជា មានប្រសាសន៍ថា វាជាឱកាសល្អនេះ ដែលរាជរដ្ឋាភិបាល បានបង្កើតគោលនយោបាយ បណ្តុះបណ្តាលបណ្តាលនេះ ។

លោក ឈិន សូនី ប្រធានសហព័ន្ឋសហជីពការងារសេវាកម្មកម្ពុជា

លោកមានប្រសាសន៍សង្កត់ធ្ងន់ថា « យើងខ្ញុំដែលជាសហជីពនៅស្និតជាមួយបងប្អូនកម្មករ នឹងចូលរួមជាមួយសាលា និងក្រសួងការងារ គឺសហការ ទី១ យើងផ្សព្វផ្សាយពីផល ប្រយោជន៍ ពីការរៀនជំនាញ និង ពន្យល់ពីផលចំណេញ ពីការរៀននិងឲ្យគាត់ចូលរួម ដើម្បីឲ្យទៅថ្ងៃអនាគត ទៅប្រទេសកម្ពុជា មានកម្មករជំនាញ »។

សម្រាប់លោកស្រី សៀ គន្ឋា ប្រធានសហជីពការងារស្រ្តីកម្ពុជា មានប្រសាសន៍ផងដែរថា កម្មករត្រូវយល់អ្វីដែលជារឿងថ្មី សម្រាប់ចំណេះដឹង បច្ចេកទេសវិជ្ជាជីវៈផ្សេងៗ គួរតែចាប់ឱកាស ។
លោកស្រីមានប្រសាសន៍ថា « ព្រោះយើងអាចទទួលនូវភាពជោគជ័យ ទាល់តែយើងចេះចាប់ឱកាស សាលា និង គ្រូ មានហើយចឹងមានតែបងប្អូន ត្រូវចេះផ្លាស់ប្តូរគំនិត និង ព្យាយាម ស្វែងរកចំណេះដឹងថ្មីៗ ដើម្បីអភិវឌ្ឍន៍មុខរបររបស់យើងឲ្យបានរីកចំរើន ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ»។

លោកស្រី សៀ គន្ឋា ប្រធានសហព័ន្ឋសហជីពការងារស្រ្តីកម្ពុជា

លោកស្រីមានប្រសាសន៍ បន្ថែមថា នៅពេលកម្មករ មានជំនាញវិជ្ជាជីៈច្បាស់លាស់ ពួកគេនឹងអាចនូវទទួល បានចំណូលល្អប្រសើរ សម្រាប់ការផ្គត់ផ្គង់ជីវភាព គ្រួសារ ព្រោះការមានជំនាញច្បាស់លាស់នេះ គឺជាទន់មួយនៅពេលពួកគេ ជូបហានិភ័យក៏គាត់មានចំណេះជំនាញ អាចរកចំណូលផ្គត់ផ្គង់បានផងដែរ ។

លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជា ពន្លឺកម្មករ មានប្រសាសន៍ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលរៀបចំជួយផ្សព្វផ្សាយ ដល់បងប្អូនកម្មករ ដើម្បីឲ្យពួកគេមានចំណាប់អារម្មណ៍ ហើយចូលរៀនឲ្យបានគ្រប់ៗគ្នា ដើម្បីយកចំណេះដឹងបម្រើដល់សង្គមជាតិ ។
លោកមានប្រសាសន៍បន្ថែមថា ការបណ្តុះបណ្តាល ផ្នែកវិជ្ជាជីវៈនេះ នឹងធ្វើឱ្យកម្មករមានចំណេះការងារ ពិតប្រាកដសម្រាប់ការបើកអាជីវកម្មថែមទៀតផង ប្រសិនបើសិក្សាលើជំនាញមួយចំនួន ដូចជាជួសជុល ម៉ូតូ ឡាន ឬជំនាញផ្សេងៗទៀត ដែលអាចរកចំណូលបានខ្លួនឯង ។

លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជា ពន្លឺកម្មករ

លោកមានប្រសាសន៍បន្ថែមថា ៖ « សព្វថ្ងៃបើនិយាយពីវិស័យកាត់ដេរ ខ្ញុំមើលឃើញថា ភាគច្រើនអ្នកគ្រប់គ្រងជាជនបរទេស ប្រាក់ខែច្រើន គុណនឹងមួយ គុណនឹងពីរ គុណនឹងបី តែប្រសិនបើជាយើងចេះជំនាញច្បាស់លាស់ យើងនឹងប្រាក់ចំណូលខ្ពស់ដូចពួកគេ»។
សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាល បច្ចេកទេសលើយុវជនប្រមាណ១.៥នាក់ ដែលរួមមានទាំងកម្មករនេះ គឺជាចំណុចមួយក្នុងចំណោម
អនុសាសន៍ចំនួន៥ ផ្សេងទៀត ដែលរដ្ឋាភិបាល បានដាក់ចេញ ដើម្បីធ្វើឱ្យប្រសើរឡើង នៃវិស័យកាត់ដេរជាពិសេសភាព ប្រសើរឡើងនៃលក្ខខណ្ឌការងារ របស់កម្មករនិងការបង្កើន លទ្ធភាពការងារ ក្នុងគោលដៅធ្វើឱ្យប្រសើរឡើង ជាលំដាប់នូវជីវភាពរបស់ប្រជាពលរដ្ឋ ដែលមកពីគ្រួសារងាយរងគ្រោះ ដែលក្នុងនោះមានកម្មករផងដែរ ៕

To Top