ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណាកត់សម្គាល់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានក្លាយជាតួអង្គមេដឹកនាំ ដ៏លេចធ្លោនៅគ្រប់វេទិកា និងគ្រប់កិច្ចប្រជុំកំពូលអាស៊ាន ។
ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ មកដល់រាជធានីភ្នំពេញវិញ នាយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៤-៧ កញ្ញា តបតាមការអញ្ជើញរបស់ លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអាស៊ាន ។
យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនាថ្ងៃ៧ កញ្ញាបញ្ជាក់ថា កាលដែលសម្តេច ក្លាយជាតួអង្គមេដឹកនាំដ៏លេចធ្លោនេះ “ពីព្រោះសម្តេច ជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេ ប៉ុន្តែបានបង្ហាញនូវទេពកោសល្យ ការទូតដ៏ប៉ិនប្រសប់ និងលេចធ្លោ ជាពិសេសក្នុងកិច្ចសន្ទនា ជាអន្តរជាតិកម្រិតខ្ពស់ ជាមួយមេដឹកនាំក្នុងតំបន់ និងមហាអំណាចលើពិភពលោក ដូចដែលកម្ពុជាធ្លាប់បានធ្វើ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី”។
ក្នុងនោះដែរ អ្នកនាំពាក្យរាជដ្ឋាភិបាលបន្ថែមថា “ជារួមក្នុងអំឡុងពេលបំពេញបេសកម្ម ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី បានអញ្ជើញចូលរួមកិច្ចប្រជុំ កិច្ចពិភាក្សាទ្វេភាគី ត្រីភាគី និងកិច្ចសន្ទនាក្រៅផ្លូវការ ចំនួន៣២លើក ជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំកំពូលស្ថាប័នតំបន់ និងអន្តរជាតិ មិនតិចជាង២០រូបឡើយ”។
អ្នកនាំពាក្យលើកឡើងទៀតថា ទន្ទឹមគ្នានោះដែរ មានធុរជន អញ្ជើញមកពីប្រទេស ក្នុងតំបន់អាស៊ាន និងអន្តរជាតិជាច្រើនរូប ក៏បានបង្ហាញបំណងចង់ជួបសម្ដែងការគួរសម ជាមួយសម្ដេចធិបតីផងដែរ ដើម្បីបង្ហាញការគាំទ្រ និងមានបំណងចង់មកបណ្តាក់ទុននៅកម្ពុជា៕