ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បង្ហាញនាវាមុជទឹកបាញ់ មីស៊ីលនុយក្លេអ៊ែរ ឈ្មោះ វីរៈបុរសគីម គុនអុក

​ប្រភព៖ KCNA

បរទេស ៖ យោធាកូរ៉េខាងជើង បានបង្ហាញនូវ “នាវាមុជទឹកវាយប្រហារយុទ្ធសាស្ត្រ” ថ្មីមួយ ដែលមានសមត្ថភាពបាញ់មីស៊ីលនុយក្លេអ៊ែរ ដោយមេដឹកនាំ គីម ជុងអ៊ុន បានប្រកាសថា អាវុធនេះនឹងជួយឱ្យទីក្រុងព្យុងយ៉ាងក្លាយជា “មហាអំណាចដែនសមុទ្រដែលជឿនលឿន” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េកណ្តាល បានរាយការណ៍ថា នាវាមុជទឹកនេះត្រូវបានដាក់ឈ្មោះថា “វីរៈបុរសគីម គុនអុក” នាវាមុជទឹកនេះ ត្រូវបានដាក់ឱ្យដំណើរការនៅក្នុង ពិធីយោធាមួយកាលពីថ្ងៃពុធ ដោយបានកត់សម្គាល់ថា លោក គីម និងមន្ត្រីការពារជាតិកំពូលមួយចំនួន មានវត្តមានសម្រាប់ព្រឹត្តិការណ៍នេះ។

លោក គីម បាននិយាយថា នាវាមុជទឹកនេះនឹងក្លាយជា “មធ្យោបាយវាយលុកក្រោមទឹកស្នូល មួយរបស់កងកម្លាំងជើងទឹកកូរ៉េខាងជើង” នៅពេលដែលបានដាក់ពង្រាយ ។ លោកបានបន្ថែមថា ការអភិវឌ្ឍន៍នេះគឺជាផ្នែកមួយនៃ “ផែនការយុទ្ធសាស្ត្រ និងយុទ្ធសាស្ត្រ ដើម្បីបង្កើនភាពទំនើបនៃកម្លាំងក្រោមទឹក និងផ្ទៃទឹកជាបន្តបន្ទាប់ ហើយជំរុញទៅមុខជាមួយ នឹងការបង្កើតអាវុធនុយក្លេអ៊ែររបស់កងទ័ពជើងទឹក”។

លោកគីម បានបន្តសាទរចំពោះអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ និងកម្មករឧស្សាហកម្មដែលចូលរួម ក្នុងគម្រោងនាវាមុជទឹកដោយនិយាយថា ពួកគេគឺជាផ្នែកនៃ “បុព្វហេតុដ៏អស្ចារ្យនៃការកសាង ថាមពលដែនសមុទ្រកម្រិតខ្ពស់” ។

ក្នុងអំឡុងពេលព្រឹត្តិការណ៍ដាច់ដោយឡែកមួយកាលពីថ្ងៃព្រហស្បតិ៍ លោក គីម បានត្រួតពិនិត្យនាវាមុជទឹកថ្មី ដើម្បី “ស្គាល់ខ្លួនឯងជាមួយនឹងប្រព័ន្ធអាវុធ និងសមត្ថភាពប្រតិបត្តិការ ក្រោមទឹក” នេះបើយោងតាម KCNA ។ ទីភ្នាក់ងារនេះបានផ្សាយថា នាវានេះនឹងត្រូវបានចាត់តាំង ឱ្យទៅកងនាវាចរសមុទ្រខាងកើត នៃកងទ័ពជើងទឹកកូរ៉េខាងជើង៕
ប្រែសម្រួលៈ ណៃ តុលា

To Top