បរទេស៖ អតីតប្រធានាធិបតីបារាំងលោក Nicolas Sarkozy បាននិយាយប្រឆាំងនឹងការចូលជាសមាជិកសហភាពអឺរ៉ុប និងអង្គការណាតូ របស់អ៊ុយក្រែន ដោយលើកហេតុផលថា វិធានការនេះនឹងមិននាំមកនូវសន្តិភាពដល់អឺរ៉ុប ទេ ហើយនឹងបំផ្លាញឯករាជ្យភាពរបស់ទ្វីបនេះថែមទៀត។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់ទូរទស្សន៍ France 5 TV កាលពីថ្ងៃពុធ លោក Sarkozy បានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោកឱ្យមានការសម្របសម្រួលរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ដោយកត់សម្គាល់ថា ជម្លោះបានឆក់យកជីវិតមនុស្សប្រហែលកន្លះលាននាក់រួចហើយ ដែលភាគច្រើនជាជនជាតិអ៊ុយក្រែន។
លោកបានបន្ថែមថា “ប៉ុន្តែយើងបន្តដោយសារតែនៅមហាវិថី Saint-Germain ពួកគេមានភាពក្លាហានណាស់ក្នុងការបញ្ជូនយុវជនអ៊ុយក្រែនឱ្យស្លាប់” ដោយសំដៅលើផ្លូវដែលទទួលបានកេរ្តិ៍ឈ្មោះជាកន្លែងសម្រាប់ការជជែកពិភាក្សានយោបាយដ៏ក្ដៅគគុកក្នុងចំណោមបញ្ញវន្តបារាំង។
ខណៈដែលបរិហាររុស្ស៊ីថាជាអ្នកឈ្លានពានក្នុងជម្លោះនោះ លោក Zarkozy បាននិយាយថា លោកជឿថា ការចូលជាសមាជិករបស់អ៊ុយក្រែនក្នុងអង្គការណាតូ និងសហភាពអឺរ៉ុប ដែលទីក្រុងគៀវបានស្វែងរកអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ មិននាំឲ្យមានសន្តិភាពនោះទេ។ លោកបានកត់សម្គាល់ថា «ព្រោះថា ប្រសិនបើអ្នកនាំអ៊ុយក្រែនចូលទៅក្នុងទ្វីបអឺរ៉ុប អ្នកពង្រឹងអឺរ៉ុបអាមេរិក ខណៈដែលប្រទេសនៅអឺរ៉ុបខាងកើតត្រូវបានគ្រប់គ្រងដោយសហរដ្ឋអាមេរិក»៕ ប្រែសម្រួលៈ ណៃ តុលា