ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល ជាមួយកម្មករជិត ២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានបន្តបេសកកម្មចុះសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ។

ពិធីសំណេះសំណាលនេះមានកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាន​ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រោងចក្រ សហគ្រាសទាំង១៤នេះ ជាប្រភេទរោង​ចក្រ កាត់ដេរសម្លៀកបំពាក់ ចំនួន ៣, ផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៧, ដេរស្បែកជើង ចំនួន ២ បោះពុម្ពលើសម្លៀកបំពាក់ ចំនួន ១ និងផលិតគ្រឿងអេឡិចត្រូនិច ចំនួន ១។

ជំនួបនេះគឺជាលើកទីបី ក្នុងបេសកកម្មជួបកម្មករ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបន្តចុះសួរសុខទុក្ខកម្មករដោយលើកទី១ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែសីហា នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ មានកម្មករនិយោជិតចូលរួមចំនួន ១៨,០១៣នាក់ លើកទី២ ធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករ និយោជិតចូលរួម ១៨,២៨៩នាក់៕

To Top