បរទេស៖ មហាសេដ្ឋីអ៊ុយក្រែន លោក Igor Kolomoysky កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានការិយាល័យ ប្រឆាំងអំពើពុករលួយ ជាតិអ៊ុយក្រែន (NABU) ចោទប្រកាន់ពីបទលួចបន្លំ ។ អ្នកជំនួញជាមហាសេដ្ឋី ដែលការគាំទ្ររបស់គាត់ ត្រូវបានគេគិតថា បានជួយលោក Vladimir Zelensky ឱ្យទទួលបានតំណែងជាប្រធានាធិបតីរបស់ប្រទេសនេះ ត្រូវបានចោទប្រកាន់ ពីបទទទួលយកមូលនិធិ ដោយខុសច្បាប់ពីធនាគារ ដែលលោកបានគ្រប់គ្រង ដើម្បីបង្កើនចំណែកភាគហ៊ុន របស់លោកនៅក្នុងដើមទុនដែលមានការអនុញ្ញាតរបស់ស្ថាប័នផ្តល់ប្រាក់កម្ចី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍របស់ NABU ដែលបានចេញផ្សាយនៅលើ Telegram លោក Kolomoysky រួមជាមួយនឹងជនសង្ស័យចំនួន ៥ នាក់ផ្សេងទៀតបានយកប្រាក់សរុបជាង ៩,២ ពាន់លាន hryvnias (២៥០ លានដុល្លារ) ពីអ្នកឱ្យខ្ចីប្រាក់អ៊ុយក្រែន PrivatBank ក្នុងឆ្នាំ២០១៥ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការរបស់លោក។ សេចក្តីថ្លែងការណ៍បាននិយាយថា មហាសេដ្ឋីដែលជាម្ចាស់អត្ថប្រយោជន៍ចុងក្រោយរបស់ធនាគារនៅពេលនោះ បានបង្ខំឱ្យ PrivatBank បង់លុយនេះទៅឱ្យក្រុមហ៊ុនជាក់លាក់មួយដែលលោកបានគ្រប់គ្រង ក្រោមលេសនៃការទិញមូលបត្របំណុលរបស់ខ្លួនដោយតម្លៃអតិផរណា។
អាជ្ញាធរបាននិយាយថា មូលនិធិទាំងនោះត្រូវបានប្រើប្រាស់ដើម្បីផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុន Kolomysky និងបង្កើនភាគហ៊ុនរបស់លោកនៅក្នុងដើមទុនដែលមានការអនុញ្ញាតរបស់ PrivatBank ។ NABU មិនបានប្រាប់ឈ្មោះអ្នកសមគំនិតដែលសង្ស័យរបស់មហាសេដ្ឋីនោះទេ។
កាលពីសប្តាហ៍មុន វាត្រូវបានប្រកាសថា មហាសេដ្ឋីរូបនេះ ត្រូវបានគេសង្ស័យបន្ថែមទៀត ពីបទលាងលុយ និងផ្ទេរប្រាក់ជាង ១៣ លានដុល្លារពីរដ្ឋ។ សេវាសន្តិសុខអ៊ុយក្រែន (SBU) បានអះអាងថា លោកបានធ្វើឱ្យស្របច្បាប់នូវប្រាក់ជាង ៥០០លាន hryvnias (រូបិយបណ្ណអ៊ុយក្រែន) ស្មើនឹង ១៣,៥ លានដុល្លារ ដោយ “ផ្ទេរវាទៅក្រៅប្រទេសខណៈពេលដែលប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនៃស្ថាប័នធនាគារដែលគ្រប់គ្រងដោយលោក” ។
មន្ត្រីអ៊ុយក្រែនក៏បាននិយាយនៅពេលនោះផងដែរថា លោក Kolomoysky ត្រូវបានសង្ស័យពីការក្លែងបន្លំ និងការធ្វើឱ្យស្របច្បាប់នូវទ្រព្យសម្បត្តិដែលទទួលបានដោយមធ្យោបាយព្រហ្មទណ្ឌ៕
ប្រែសម្រួលៈ ណៃ តុលា
