ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ចលនាចាប់ឃាត់ខ្លួនក្មេងៗមានទាំងស្រី-ប្រុសដែលហៅថា ក្មេងទំនើងនៅតាមបណ្តារាជធានី-ខេត្តមួយចំនួនបាននិងកំពុងកើតឡើងជាហូរហែរនោះ ត្រូវមន្ដ្រីស្រាវជ្រាវ ផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា លោក ឈត ប៊ុនថង បង្ហាញពីការយល់ឃើញថា មកពីកត្តាជាច្រើនទាំងខ្លួនឯង សង្គមគ្រួសារ សង្គមជាតិជាដើម ជាពិសេសផ្នែកសីលធម៌ធ្លាក់ចុះ។
លោក ឈត ប៊ុនថង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៣ កញ្ញា ថា កត្តាជាច្រើននាំឲ្យក្មេងៗ បច្ចុប្បន្នហាក់ប្រព្រឹត្តអំពើប្រាកចាក់ពីសង្គមយ៉ាងច្រើន ហើយអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនពួកគេជាបន្តបន្ទាប់ដោយសារទំនោរពីកំណើតដែលធម្មជាតិបានផ្តល់ឲ្យ កត្តាឪពុក-ម្តាយឬអាណាព្យាបាលប្រើហិង្សាជាដំណោះស្រាយដែលអាចជាហេតុនាំកូនៗអនុវត្តតាម ។
លោកសង្កត់ធ្ងន់ថា ឪពុក-ម្តាយមានតួនាទីសំខាន់ក្នុងការអប់រំណែនាំកូន ឲ្យយល់ដឹងពីសីលធម៌ និងគុណធម៌ជាដើម ប៉ុន្តែពួកគាត់ហាក់មិនសូវបានយកចិត្តទុកដាក់ប្រៀនប្រដៅកូនចៅទេ ។
មួយទៀតថា លោកសំដៅដល់គំរូអាក្រក់ពីសហគមន៍ និងសង្គមចំពោះការប្រើហិង្សាធ្វើជាដំណោះស្រាយ និងយកស្រាធ្វើជាត្រីមុខក៏បានជះឥទ្ធិពលអាក្រក់ទៅដល់កុមាររស់នៅទីនោះដែរ ។ ចំណុចមួយទៀតដែរនោះ គឺមាតិកាហ្គេមនានានៅក្នុងបណ្តាញសង្គមមានការបាញ់បោះវាយតប់នោះ ក៏ធ្វើឲ្យក្មេងៗងាយចម្លងចូលក្នុងខួរក្បាលដែរ ។
អ្នកជំនាញខាងស្រាវជ្រាវវប្បធម៌ អប់រំរូបនេះ ក៏បានមើលពីចំណុចខ្វះខាត របស់អាជ្ញាធរនៅតាមមូលដ្ឋានដែរ ដែលអាជ្ញាធរអនុវត្តតាមច្បាប់មានភាពចន្លោះប្រហោង ធ្វើករណីក្មេងមានឱកាសប្រព្រឹត្តបទល្មើស ។
លោកថា ការអនុវត្តច្បាប់នៅមានកម្រិតមិនទាន់មានយុត្តិធម៌ពេញលេញ ខណៈការអប់រំផ្នែកសីលធម៌នៅតាមសាលារៀនមានការធ្លាក់ចុះផងដែរ “កាលណាតែសីលធម៌ចុះហើយ សកម្មភាពក្មេងទំនើង ចាស់ទំនើងមាន ហើយបទល្មើសផ្សេងៗកើតឡើងហើយ” ។
មួយរយៈចុងក្រោយនេះ នៅតាមបណ្តារាជធានី-ខេត្តមួយចំនួននៅកម្ពុជា ជាពិសេសរាជធានីភ្នំពេញ មានកម្មភាពក្មេងៗទំនើងជាច្រើនករណីបានបង្កឡើងនៅតាមទីតាំងផ្សេងគ្នា ដោយអ្នកខ្លះ ប្រព្រឹត្តអំពើ ឆក់ លួច ប្លន់ គ្រឿងញៀន និងវាយគ្នាជាដើម ត្រូវបានកងកម្លាំងនគរបាលចាប់ខ្លួនជាបន្តបន្ទាប់ ៕