ព័ត៌មានជាតិ

កម្ពុជា បាត់បង់សត្វផ្សោតមួយក្បាល ដោយសារវ័យចាស់ងាប់ នៅស្រុកស្រីសន្ធរ

រូបភាពពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា មានសត្វផ្សោតមួយក្បាលបានងាប់ ក្នុងភូមិព្រៃទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

តាមរយៈគេហទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម នាថ្ងៃទី១៤ កញ្ញា នេះ ថា បន្ទាប់ពីបាន ទទួលព័ត៌មាន ក្រុមការងារ នៃរដ្ឋបាលជលផល និងអង្គការ WWF បានចុះពិនិត្យសាកសព និងរកឃើញសត្វផ្សោត ដែលស្លាប់នេះ ជាផ្សោតញី មានលេខសម្គាល់ ០៨៧ ទម្ងន់១០៥គក្រ និងប្រវែង ២,១០ម៉ែត្រ អាយុប្រមាណ ២៧ឆ្នាំ (សត្វផ្សោតរស់បានពី២៥-៣០ឆ្នាំ) ។

នៅពេលរកឃើញ សពសត្វផ្សោតមានសភាពហើម មានក្លិនស្អុយ ធ្លាយពោះ និងរលេះរលួយស្បែក ។ ចំណែកមូលហេតុនៃការស្លាប់ តាមរយៈការធ្វើកោសល្យវិច្ច័យ គឺបណ្តាលមកពីវ័យចាស់ជរា ។

សូមបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២៣នេះ នៅកម្ពុជា មានសត្វផ្សោតកើតថ្មីចំនួន៧ក្បាល និងស្លាប់ចំនួន៤ក្បាល ដោយក្នុងចំណោមផ្សោតដែលស្លាប់នោះ មានផ្សោតចាស់១ក្បាល ផ្សោតជំទង់១ក្បាល និងកូនផ្សោតចំនួន២ក្បាល ៕

To Top