ភ្នំពេញ៖ អ្នកនាំពាក្យ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញសេចក្ដីបំភ្លឺព័ត៌មាន ដោយបានឱ្យដឹងថា ការតែងតាំងនាយរងប៉ុសិ៍ ច្រកទ្វាអន្តរជាតិគ្រប់ប្រភេទ គឺជាសមត្ថកិច្ច របស់អគ្គនាយកនៃអគ្គនាយកអន្តោប្រវេសន៍ ឬដោយប្រកាសរបស់ក្រសួងមហាផ្ទៃ។ ក្នុងន័យនេះ ក្នុងអំឡុងពេលដែល ឧត្តមសេនីយ៍ឯក សុខ វាសនា ស្ថិតក្នុងតួនាទី ជាអគ្គនាយករងអន្តោប្រវេសន៍ លោកទទួលជួយលើការងារដ្ឋការ និងការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាសាស្រ្ត អន្តោប្រវេសន៍ ដោយពុំមានសិទ្ធ ក្នុងការតែងតាំង នាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ ដូចការលើកឡើងនោះឡើយ។
តាមរយៈសេចក្ដីបំភ្លឺព័ត៌មាន របស់អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ទោះជាយ៉ាងនេះក្ដី អគ្គនាយកអន្តោប្រវេសន៍ សូមអគុណចំពោះលោក សយ សុភាព ដែលបានតាមដាន ដោយយកចិត្តទុកដាក់ និងបានផ្តល់ជាមតិ យោបល់ ក្នុងស្មារតីរួមចំណែក ជាមួយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការធ្វើកំណែទម្រង់ស្ថាប័ន ដែលត្រូវចាប់ផ្ដើម ពីកំណែទម្រង់កងកម្លាំងនគរបាល ក្រោមឱវាទ នេះតែម្តងៗ។
តាមរយៈបទអត្ថាធិប្បាយ របស់លោក សយ សុភាព ក្នុងបណ្ដាញសារព័ត៌មាន ដើមអម្ពិល (DAP NEWS) កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ស្តីពីការតែងតាំង នាយរងប៉ុស្តិ៍ នៅប៉ុស្ដិ៍ច្រក ទ្វារអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ មានចំនួនច្រើន អ្នកនាំពាក្យអគ្គនាយកអន្តោប្រវេសន៍ សូមបញ្ចាក់ជូនថា ថ្នាក់ដឹកនាំមុនៗ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនបានព្រងើយកន្តើយ ចំពោះបញ្ហានេះឡើយ។ ផ្ទុយ ទៅវិញបានយកចិត្តទុកដាក់ និងបានរិះរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយបញ្ហាចំនួននាយរងប៉ុស្ដិ៍ច្រើននេះ តាមការណែនាំ របស់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ នាពេលកន្លងទៅ ហើយក៏កំពុងបន្តពិភាក្សាដោះស្រាយបញ្ហានេះ បានសមស្រប និងគ្រប់អ្នកពាក់ព័ន្ធអាចទទួលយកបាន ។
រដ្ឋាភិបាលអាណត្តិថ្មីនេះ បានធ្វើការប្ដេជ្ញាខ្ពស់ ក្នុងការធ្វើកំណែទម្រង់ ក៏បានគិតគូរអំពីបញ្ហានេះ និងបានដាក់ចេញនូវគោលនយោបាយ កំណែទម្រង់ស្ថាប័ន គឺជាផ្នែកសំខាន់មួយ ត្រូវអនុវត្តឲ្យបាន។
ជាក់ស្ដែង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗ បានចេញសេចក្តីសម្រេចលេខ ៤៦៧៩ សសរ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការបង្កើតគណៈកម្មការ សិក្សាត្រង់កំណត់ចំនួន ស្នងការ រងនគរបាលរាជធានី-ខេត្ត ចំណុអគ្គស្នងការដ្ឋានគរបាលជាតិ និងចំនួននាយប៉ុស្តិ៍ នគរបាល ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ព្រំដែនអន្តរជាតិ ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដោយមានសមាសភាព ថ្នាក់ដឹកនាំ និងជំនាញពាក់ព័ន្ធជាច្រើន សម្រាប់សិក្សានិងដោះស្រាយបញ្ហានេះ។
បន្ថែមពីនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមរយៈកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តការងារប្រចាំថ្ងៃ របស់ នាយកដ្ឋានជំនាញ ក្រោមឱវាទទាំងអស់ បានដាក់ចេញជាផែនការ យុទ្ធសាស្ត្រ និងជាទិសដៅអាទិភាព ស្តីពីការ វិភាគមុខងារ ដើម្បីមានមូលដ្ឋានច្បាស់លាស់ សម្រាប់កំណត់ចំនួនមន្ត្រី ឲ្យស្របតាមទំហំការងារតម្រូវ។