ភ្នំពេញ៖ ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត លើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២២ ខែកញ្ញ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងដោយរំលេច ពីយុទ្ធសាស្រ្ត «បញ្ចកោណ» ដែលទើបនឹងបានប្រកាសជារបៀបវារៈនៃការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច របស់កម្ពុជា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ។
តាមរយៈវីដេអូ ថ្លែងសុន្ទរកថា ជាង១៣នាទី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា ក៏ជាប្រទេសកំពុងអភិវឌ្ឍច្រើនទៀតដែរ នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ កម្ពុជាមានមហិច្ឆតាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ ប្រកបដោយភាពរឹកមាំ រស់រវើក រុងរឿង និងមានវិបុលភាព នៅត្រឹមឆ្នាំ២០៥០ ។
សម្ដេចបន្ថែមថា ក្នុងគោលដៅនេះ និងស្របតាមការអំពាវនាវ របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ចំពោះរដ្ឋជាសមាជិកដើម្បីអនុវត្តន៍ «ផែនការសង្គ្រោះសម្រាប់មនុស្សជាតិ និងភពផែនដី» រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចាត់វិធានការជំរុញបរិវត្តកម្ម តាមរយៈការដាក់ចេញនូវ «យុទ្ធសាស្រ្តបញ្ចកោណ» ដែលទើបបានប្រកាសជារបៀបវារៈនៃការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច របស់កម្ពុជា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ។
សម្ដេចធិបតី គូសបញ្ជាក់ថា “យុទ្ធសាស្រ្តបញ្ចកោណ នឹងចាប់ផ្ដើមអនុវត្តន៍ពីដំណាក់កាលទី១ ដោយមានបាវចនាចំនួន៥ គឺ កំណើន ការងារ សមធម៍ ប្រសិទ្ធភាព និងចីរភាព និងកំណត់យកអាទិភាពគន្លឹះ៥ គឺ« មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ជាពិសេសគឺ «បច្ចេកទេសឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា “។
សម្ដេចធិបតី នាយករដ្ឋមន្រ្តី បញ្ជាក់ថា គោលដៅចម្បងនៃយុទ្ធសាស្រ្តនេះ រួមមាន៖ ម៉្យាង រក្សាចលនការនៃសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម និងម៉្យាងទៀត កសាងនិងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសន្ទុះ នៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងភាពធន់ នៃវិស័យទាំង៥ រួមមាន វិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ វិស័យមូលធនមនុស្ស និងសង្គម និងវិស័យបរិស្ថាន និងការឆ្លយតបនឹងការប្រែប្រួលអាកាសធាតុ។
សម្ដេចធិបតីបន្ថែមថា ដើម្បីជោគជ័យនៃយុទ្ធសាស្រ្តបញ្ចកោណ កម្ពុជា នឹងខិតខំពន្លឿនការកែទម្រង់អភិបាលកិច្ច ដើម្បីធានាថា រដ្ឋបាលសាធារណៈ ដំណើរការដោយប្រសិទ្ធភាព និងមានសុច្ចរិតភាពខ្ពស់៕