បរទេស៖ អ៊ុយក្រែនបានប្រើប្រាស់មីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ដោយអង់គ្លេស វាយប្រហារមូលដ្ឋានទ័ពជើងទឹករុស្ស៊ីនៅតំបន់គ្រីមៀ កាលពីថ្ងៃសុក្រ នេះបើតាមសារព័ត៌មាន Sky News បានរាយការណ៍។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា មីស៊ីលបាញ់តាមយន្តហោះយោធាដែលត្រូវបានបង្កើតឡើងរួមគ្នាដោយអង់គ្លេសនិងបារាំង ត្រូវបានប្រគល់ដោយទីក្រុងឡុងដ៍ និងប៉ារីស គឺបានឱ្យទៅអ៊ុយក្រែននៅដើមឆ្នាំនេះ។ មីស៊ីលដែលត្រូវបានគេស្គាល់នៅក្នុងប្រទេសបារាំងថា SCALP-EG អាចហោះបានជាង ១៥០ ម៉ាយ។
យោងតាមក្រសួងការពារជាតិរុស្ស៊ី ទីស្នាក់ការកណ្តាលនៃកងនាវាចរនៅសមុទ្រខ្មៅនៅទីក្រុង Sevastopol ត្រូវបាន “ខូចខាត” ខណៈពេលដែលមីស៊ីលដែលមិនបានបញ្ជាក់ចំនួន ៥គ្រាប់ ត្រូវបានបំផ្លាញចោលពាក់កណ្តាលអាកាស។ MOD ដំបូងឡើយបានរាយការណ៍ថា សមាជិកសេវាម្នាក់ត្រូវបានសម្លាប់ ប៉ុន្តែក្រោយមកបាននិយាយថា មិនបានស្លាប់នោះទេ។
ប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេសបានរាយការណ៍មុននេះថា មីស៊ីល Storm Shadow ក៏ត្រូវបានប្រើប្រាស់ផងដែរ ក្នុងអំឡុងការវាយប្រហារលើកន្លែងផលិតកប៉ាល់នៅតំបន់ Crimea កាលពីថ្ងៃទី ១៣ ខែកញ្ញា នៅពេលដែលនាវាកងទ័ពជើងទឹករុស្ស៊ីពីរគ្រឿងត្រូវបានខូចខាត៕ ប្រែសម្រួលៈ ណៃ តុលា