ភ្នំពេញ ៖ តាមរយៈទស្សនកិច្ច របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅលើទឹកដីអាមេរិក បង្ហាញទំនាក់ទំនងអាមេរិក-កម្ពុជា កាន់តែរឹងមាំងខ្លាំងថែមទៀត ពិសេសនោះភាគីទាំង២ មានផលប្រយោជន៍រួមគ្នាកាន់តែធំ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃ២៥ កញ្ញា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក ហ្សង់ ហ្រ្វង់ស័រតាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងកាបរទេស បានអះអាងថា ក្នុងជំនួបនៅទឹកដីអាមេរិក គឺជាជំនួបសំខាន់មួយ នៅក្រៅក្របខណ្ឌអង្គសន្និបាទ អង្គការសហប្រជាជាតិ លើកទី៧៨ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបលោកស្រី វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) អនុរដ្ឋមន្ត្រីការបរទេសស្ដីទី សហរដ្ឋអាមេរិក ។ ជំនួបនេះបានប្រព្រឹត្តិទៅដោយរាក់ទាក់ស្និតស្នាល និងរីករាយបំផុត ។ ក្នុងជំនួបលោកស្រីបានឲ្យដឹងថា អាមេរិកបានសម្រេចផ្តល់ទឹកប្រាក់ចំនួន ១៨លានដុល្លាអាមេរិកឲ្យកម្ពុជាវិញ បន្ទាប់ពីផ្អាកអស់២ខែក្រោយបោះឆ្នោត។
លោក ហ្សង់ ហ្រ្វង់ស័រតាន់ បានមើលឃើញថា ក្នុងជំនួបនេះ គឺជាជំនួបដ៏មានសារសំខាន់ខ្លាំងណាស់ ព្រោះបានផ្តល់ផលប្រយោជន៍រវាងប្រទេសទាំង២។
លោកបន្តថា «ទំនាក់ទំនងកម្ពុជា-អាមេរិក នឹងរឹតតែរឹងមាំខ្លាំងឡើង បើសិនកម្ពុជា-អាមេរិក ផ្តល់ប្រយោជន៍រួមគ្នាកាន់តែធំ និងមានផលប្រយោជន៍ កាន់តែច្រើន ទោះជាផលប្រយោជន៍សេដ្ឋកិច្ច នយោបាយ ឬភូមិសាស្ត្រានយោបាយក្តី»។
ការបញ្ជាក់របស់រដ្ឋលេខាធិការនេះ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី បានលើកឡើងក្នុងជំនួបជាមួយអ្នកធុរៈកិច្ចអាមេរិក ដោយបានបញ្ចុះបញ្ចូល អ្នកវិយោគអាមេរិកមកបណ្តាក់ទុន នៅកម្ពុជាកាន់តែច្រើន។
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឲ្យដឹងទៀតថា អំឡុងពេលស្នាក់នៅអាមេរិកសម្តេចធិបតី ហ៊ុន ម៉ាណែតក៏បានឆ្លៀតោកាសពង្រឹងទំនាក់ទំនងការទូត ជាមួយបណ្តាប្រទេសនានា នៅក្នុងពិភពលោកដែលសុទ្ធតែជាប្រមុខដឹកនាំ និងប្រមុខការទូត ដូចជា ៖ អគ្គលេខាធិកាអង្គការសហប្រជាតិ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ប្រធានាធិបតីទីម៉ល់ឡេស្តេ និងថ្នាក់ដឹកនាំជាច្រើនទៀត ៕