ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ភាគីទាំងពីរប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍ នៃប្រទេសទាំងពីរ ។
សម្តេចធិបតី បានទទួលស្វាគមន៍ចំពោះ លោកឯកអគ្គរដ្ឋទូត និងសហការីនិងបានជម្រាបពី លទ្ធផលល្អដែល សម្តេចធិបតី និងគណៈប្រតិភូកម្ពុជា ទទួលបានពីជំនួបទ្វេភាគីនានា នៅទីក្រុងញូវយ៉ក ជាពិសេស នាជំនួបទ្វេភាគីជាមួយ លោកស្រី វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) អនុរដ្ឋមន្ត្រីការបរទេសស្ដីទីសហរដ្ឋអាមេរិក ។
ជាកិច្ចបន្ត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអាមេរិក ដែលបានផ្តល់ជូនឡើងវិញ នូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨លានដុល្លារ តាមរយៈទីភ្នាក់ងារអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ។
ប្រាក់ជំនួយត្រូវបានផ្តល់ឡើងវិញនេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងវិស័យសំខាន់ៗ ដូចជា ៖ ការកែលម្អការផ្ដល់សេវាសុខាភិបាលទាំងក្នុងផ្នែករដ្ឋ និងផ្នែកឯកជន , ការការពារបរិស្ថានប្រកបដោយចិរភាព , ការការពារ និងការប្រយុទ្ធនឹងជំងឺរបេង និងការបណ្ដុះបណ្ដាល ផ្នែកសហគ្រិនភាព ដល់យុវជនកម្ពុជាជាដើម។
ពាក់ព័ន្ធនឹងការធ្វើមាតុភូមិ និវត្តន៍ពលរដ្ឋខ្មែរ ភាគីទាំងពីរក៏បានឯកភាពគ្នា បន្តសម្របសម្រួល និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ គ្រប់ជំហាននៃនីតិវិធី ពោលគឺពន្លឿននីតិវិធីក្នុងការកំណត់អត្តសញ្ញាណ និងការរៀបចំបញ្ជូនពលរដ្ឋខ្មែរ មកកម្ពុជា , ធ្វើសាមញ្ញកម្មនីតិវិធី នៅពេលបញ្ជូន និងរៀបចំផែនការសកម្មភាពនៃការគាំទ្រ និងការធ្វីសមាហរណកម្ម សម្រាប់ឲ្យពលរដ្ឋខ្មែរ អាចបន្ស៊ាំ និងអាចធ្វីសមាហរណកម្មទៅក្នុងសង្គមកម្ពុជាវិញ សំដៅកសាងជីវិតថ្មីមួយឲ្យបានល្អសមស្រប នៅលើទឹកដីកម្ពុជា។
ចំពោះបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិ អាមេរិកបាត់ខ្លួន (POW/MIA) សម្តេចធិបតីលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងបានរៀបចំកែសម្រួលសមាសភាព នៃគណៈកម្មការ POW/MIA ក្នុងការសម្របសម្រួល និងសហការជាមួយ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិក បាត់ខ្លួនបានរហ័សទាន់ពេល និងជោគជ័យ ។
ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សា និងបន្តកិច្ចប្រតិបត្តិការ ក្នុងវិស័យផ្សេងទៀត ដែលប្រទេសទាំងពីរកំពុងយកចិត្តទុកដាក់បំផុត ។
សម្តេចធិបតី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អាមេរិក នាពេលកន្លងមក ៕