បរទេស ៖ សារព័ត៌មាន RIA Novosti បានរាយការណ៍ កាលពីថ្ងៃអង្គារដោយដកស្រង់ទិន្នន័យសាធារណៈថា ប្រទេសជាសមាជិកអង្គការណាតូ បានបង្កើនជើងហោះហើរ ឃ្លាំមើលយ៉ាងខ្លាំងនៅលើសមុទ្រខ្មៅ ពីតំបន់គ្រីមៀក្នុង រយៈពេលប៉ុន្មានខែថ្មីៗនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មានរុស្ស៊ីបានវិភាគទិន្នន័យពី Flightradar24 ដែលជាអ្នកប្រមូល ផ្តុំព័ត៌មាន នៃការហោះហើរដែលមិន បានចាត់ថ្នាក់ ហើយផ្តោតលើការហោះហើរ ដែលអាចត្រូវបានធ្វើឡើង ដើម្បីឃ្លាំមើល មកលើឧបទ្វីបរុស្ស៊ី ។ ចាប់តាំងពីនិទាឃរដូវមក ចំនួនបានកើនឡើងពី៧ ដល់ ២១ ក្នុងពេលមួយសប្តាហ៍ ។
ទីភ្នាក់ងារនេះបាននិយាយថា ខណៈដែលសមាជិកអឺរ៉ុប នៃប្លុកដែលដឹកនាំដោយ សហរដ្ឋអាមេរិក បានរាប់បញ្ចូលការហោះហើរមួយចំនួន ទីក្រុងវ៉ាស៊ីនតោន គឺជាប្រតិបត្តិករចម្បង នៃយន្តហោះចារកម្មរបស់អង្គការណាតូ នៅក្នុងតំបន់សមុទ្រខ្មៅ ។ វាបានគូសបញ្ជាក់ថា យន្តហោះ និងយន្តហោះគ្មានមនុស្សបើករបស់អាមេរិក ដូចជា RQ-4B Global Hawk បានធ្វើការហោះហើរចំនួន ១៦ នៃជើងហោះហើរសរុបចំនួន ២១ជើង ដែលបានធ្វើឡើងកាលពីសប្តាហ៍មុន ។
របាយការណ៍នេះកើតឡើង ចំពេលមានការជជែកដេញដោលគ្នា នៅក្នុងប្រទេសរុស្ស៊ីអំពីតួនាទី របស់អង្គការណាតូក្នុងការសម្របសម្រួល ការវាយប្រហាររបស់អ៊ុយក្រែន លើតំបន់គ្រីមៀ ។ ទីក្រុងគៀវបានវាយប្រហារកន្លែងផលិតកប៉ាល់យោធានៅក្រុង Sevastopol កាលពីពីរសប្តាហ៍មុន និងទីស្នាក់ការកណ្តាលនៃកងនាវាសមុទ្រខ្មៅ របស់រុស្ស៊ីក្នុងទីក្រុងដដែល កាលពីថ្ងៃសុក្រសប្តាហ៍មុន ។ នៅក្នុងប្រតិបត្តិការទាំងពីរនេះ មីស៊ីល Storm Shadow ដែលផ្តល់ដោយចក្រភពអង់គ្លេស ត្រូវបានគេរាយការណ៍ថា គឺបានប្រើប្រាស់ ៕
ប្រែសម្រួលៈ ណៃ តុលា