ព័ត៌មានអន្តរជាតិ

ក្រុមសមាជិកព្រឹទ្ធសភា ក្នុងគណបក្សទាំង២ របស់អាមេរិក សង្ឃឹមថា នឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង

ប្រភព៖ AFP

បរទេស៖ ក្រុមសមាជិកព្រឹទ្ធសភា ក្នុងគណបក្សទាំង២ របស់អាមេរិក ដែលធ្វើទស្សនកិច្ចនៅប្រទេសចិន នៅសប្តាហ៍ក្រោយសង្ឃឹមថា នឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា មេដឹកនាំសំឡេងភាគច្រើន នៃព្រឹទ្ធសភាអាមេរិក លោក Chuck Schumer និងសមាជិកព្រឹទ្ធសភា មកពីគណបក្ស សាធារណរដ្ឋ លោក Mike Crapo ស្ថិតក្នុងចំណោមអ្នក ដែលបានកំណត់ ដើម្បីធ្វើទស្សនកិច្ចនេះ ។

ការិយាល័យរបស់លោក Schumer បាននិយាយ កាលពីខែមុនថា ការធ្វើដំណើរនេះក៏នឹងរួមបញ្ចូល ការឈប់នៅប្រទេសជប៉ុន និងកូរ៉េខាងត្បូងផងដែរ។

ដំណើរទស្សនកិច្ចនេះធ្វើឡើងនៅពេលដែលមន្ត្រីអាមេរិកបានបង្កើនការចូលរួមជាមួយមន្ត្រីចិន រួមទាំងដំណើរទស្សនកិច្ចទៅប្រទេសចិនរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken, រដ្ឋមន្រ្តីរតនាគារលោកស្រី Janet Yellen និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី Gina Raimondo។

បន្ថែមពីលើការបង្ហាញពីតម្រូវការ ក្នុងការមានបណ្តាញ ទំនាក់ទំនង បើកចំហហើយនោះ មន្ត្រីសហរដ្ឋអាមេរិក ក៏បានលើកឡើងពីតម្រូវការ ក្នុងការដោះស្រាយ បញ្ហាដូចជាពាណិជ្ជកម្ម និងបញ្ហាប្រឈមនានា ដែលអាជីវកម្មអាមេរិក ប្រឈមមុខនឹង ប្រតិបត្តិការនៅក្នុងប្រទេសចិន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top