បរទេស៖ រដ្ឋមន្ត្រី នៃក្រសួងការពារជាតិរុស្សីលោក Sergey Shoigu កាលពីថ្ងៃម្សិលមិញនេះបាននិយាយថា កងកម្លាំងយោធារុស្សី មានចំនួនគ្រប់គ្រាន់ដែលអាចប្រតិបត្តិការបាននៅក្នុងប្រទេសអ៊ុយក្រែន ហើយអរគុណដល់ពលរដ្ឋស្ម័គ្រចិត្តដែលចូលបម្រើយោធាទាំងឡាយផងដែរ។
យោងតាមការចេញផ្សាយរបស់ RT លោករដ្ឋមន្ត្រីបានបន្ថែមដែរថាទោះបីជាយ៉ាងណាក្តីកងកម្លាំងទ័ពរុស្សីមិនមានផែនការថ្មីក្នុងការចល័តទ័ពបន្ថែមនោះទេ។
លោកបានសង្កត់ធ្ងន់ថា មូលហេតុមួយក្នុងចំណោមហេតុផលទាំងនោះគឺ ជំហរស្នេហាជាតិដ៏រឹងមាំរបស់ប្រជាពលរដ្ឋយើង ដែលចូលរួមយ៉ាងសកម្មក្នុងជួរអ្នកការពារមាតុភូមិ។លោក Shoigu បាននិយាយថា នៅខែកញ្ញាប៉ុណ្ណោះ មានពលរដ្ឋជាង ៥០០០០នាក់បានចុះហត្ថលេខាលើកិច្ចសន្យាសម្រាប់ការបម្រើយោធា។
យោងតាមការបញ្ជាក់ដោយលោករដ្ឋមន្ត្រី ចំនួនសរុប នៃអ្នកដែលបានចូលរួមជាមួយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ឬអង្គភាពស្ម័គ្រចិត្តផ្សេងទៀតតាមការព្រមព្រៀងរបស់ពួកគេចាប់តាំងពីដើមឆ្នាំមក មានលើសពី៣៣៥០០០នាក់៕ ប្រែសម្រួល៖ស៊ុនលី