បរទេស៖ សមាជិកសភាក្នុងបញ្ជីគណបក្សភឿថៃ និងអ្នកនយោបាយជើងចាស់ គឺលោក Chalerm Yubamrung បាននិយាយកាលពីថ្ងៃពុធថា លោកនឹង “ដកការគាំទ្រលើលោកថាក់ស៊ីនពេញមួយជីវិតរបស់លោក” ដោយកាត់ផ្តាច់ទំនាក់ទំនងដ៏យូរអង្វែងរបស់លោកជាមួយនាយករដ្ឋមន្ត្រីទី២៣ របស់ថៃ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។
យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Chalerm បានឆ្លើយតបទៅនឹងរបាយការណ៍ដែលអតីតនាយករដ្ឋមន្ត្រីបាននិយាយថា លោកមិនបានផ្តល់ឱ្យលោក Chalerm ឬកូនប្រុសរបស់លោក នូវមុខតំណែងសំខាន់ៗណាមួយនៅក្នុងរដ្ឋាភិបាលនោះទេ ដោយសារតែពួកគេគឺជា “មនុស្សគួរឱ្យរំខាន” ។
លោក Chalerm បាននិយាយទាំងខឹងសម្បារថា “អ្នកយល់ខុសមកលើខ្ញុំហើយ លោកថាក់ស៊ីន”។ “ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង សូម្បីតែពេលដែលមិននៅក្នុងរដ្ឋាភិបាលចម្រុះរបស់អ្នកក៏ដោយ ហើយអ្នកគួរតែប្រយ័ត្នពីរបៀបដែលអ្នកនិយាយផង”។
លោកបន្តថា លោក ថាក់ស៊ីន បានបណ្ដេញលោកចេញពីគណបក្ស (ថៃ រ៉ាក់ថៃ) បន្ទាប់ពីលោកឡើងកាន់អំណាច ប៉ុន្តែលោកបានបន្តដោះស្រាយបញ្ហាផ្លូវច្បាប់របស់លោក ថាក់ស៊ីន រហូតដល់ទៅ ៨ ករណី។ លោក Chalerm បាននិយាយទាំងខកចិត្តថា “ខ្ញុំគិតថាអ្នកនឹងផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នក” ។
លោក Chalerm ដែលតំណែងចុងក្រោយក្នុងរដ្ឋាភិបាលគឺជារដ្ឋមន្ត្រីការងារ ក្នុងអំឡុងរដ្ឋបាលរបស់ប្អូនស្រីរបស់លោក គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ពីឆ្នាំ ២០១៣-២០១៤ បានបដិសេធថា លោកមិនមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយសមាជិកទាំងអស់នៃគ្រួសារ ស៊ីណាវ៉ាត្រា នោះទេ គឺមានតែជាមួយលោក ថាក់ស៊ីន និងអតីតភរិយាលោក Potjaman Na Pombejra ប៉ុណ្ណោះ៕ ប្រែសម្រួលៈ ណៃ តុលា