ព័ត៌មានជាតិ

គ ប ម៖ ករណីបាត់ខ្លួន ស្រ្តីជនជាតិអង់គ្លេស នៅកោះរ៉ុងសន្លឹម អាចប៉ះពាល់ វិស័យទេសចរណ៍កម្ពុជា

ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានលើកឡើងថា ករណីបាត់ខ្លួននារីជនជាតិអង់គ្លេសម្នាក់ ឈ្មោះ Amelia Bambridge នៅលើកោះរ៉ុងសន្លឹម ក្នុងខេត្តព្រះសីហនុ អាចនឹងប៉ះពាល់ ដល់វិស័យទេសចរណ៍នៅកម្ពុជា ។

នារីដែលបាត់ខ្លួនឈ្មោះ Amelia Bambridge កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ សញ្ជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ៥៣១៨៩០៨៣៣ បានចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅគោលដៅ កោះរ៉ុង នៅម៉ោង ៥ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មកដល់កោះរ៉ុងនៅម៉ោង ៦ល្ងាច។ នាងបានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨និង១៥នាទីយប់ ថ្ងៃខែឆ្នាំដដែល ក្នុងគោលបំណងទេសចរណ៍ ។

មុនបាត់ខ្លួន គេបានប្រទះឃើញនារីនោះ លើកចុងក្រោយនៅម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃ២៤ តុលា ក្នុងពិធីជប់លៀងមួយនៅឆ្នេរកោះរ៉ុង (Police Beach) ក្រោយមកក៏បាត់ដំណឹងតែម្តង ។

ក្រោយការបាត់ខ្លួន កងកម្លាំងមានសមត្ថកិច្ចជាច្រើននាក់ បានចេញប្រតិបត្តិការតាមរក នៅលើផ្ទៃសមុទ្រផងដែរ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃ៣១ តុលា បានឲ្យដឹងថា “ការបាត់ខ្លួនស្ត្រីបរទេសជនជាតិអង់គ្លេសឈ្មោះ Amelia Bambridge កំពុងត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិយកចិត្តទុកដាក់ខ្លាំង។ បញ្ហានេះ អាចនឹងនាំមកនូវផលប៉ះពាល់អវិជ្ជមានថែមទៀត ដល់វិស័យទេសចរណ៍នៅកម្ពុជា ជាពិសេស នៅខេត្តព្រះសីហនុ” ។

បន្ថែមពីនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សាទរចំពោះការខិតខំ ប្រឹងប្រែងរបស់អាជ្ញាធរ ក្នុងការស្វែងរកជនបាត់ខ្លួន។សង្ឃឹមថា នឹងមានព័ត៌មានជាវិជ្ជមាន ដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរ ដែលនេះជាកាតព្វកិច្ចសំខាន់របស់អាជ្ញាធរដែលជាការចូលរួម ចំណែកមួយដ៏សំខាន់ ក្នុងការលើកស្ទួយវិស័យ ទេចរណ៍នៅកម្ពុជា ។

ក្នុងករណីនេះដែរ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៣១តុលា ថា រហូតមកដល់ពេលនេះ នារីជនជាតិបរទេស ដែលបាត់ខ្លួននៅលើកោះរ៉ុង មិនទាន់មានតម្រុយឡើយ ខណៈភាគីពាក់ព័ន្ធទាំងអស់ កំពុងរកគ្រប់វិធីសាស្ដ្រ ក្នុងការស្វែងរក ៕ 

ដោយ៖ អេង ប៊ូឆេង

To Top