ព័ត៌មានជាតិ

រដ្ឋមន្ដ្រីបរិស្ថាន ស្នើពលរដ្ឋរៀបចំទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ

រូបភាពពីក្រសួងបរិស្ថាន

ភ្នំពេញ ៖ ដើម្បីដោះស្រាយការបំពុលដោយប្លាស្ទិក, លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្នើប្រជាពលរដ្ឋទាំងអស់ ចូលរួមរៀបចំទុកដាក់សំណល់ និងញែកឲ្យបានត្រឹមត្រូវ ព្រមទាំងគិតគូរដល់សំរាមអាចកែច្នៃប្រើប្រាស់ឡើងវិញ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣​ បានឲ្យដឹងថា ការទុកដាក់សំរាម ក៏ផ្នែកមួយនៃការស្តែងឡើង នូវអាកប្បកិរិយា និងឥរិយាបទ មានន័យថាពីការប្រតិបត្តិរបស់មនុស្ស និងអំពើរបស់មនុស្ស ដែលបាននិងកំពុងប្រព្រឹត្តនៅក្នុងសង្គម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ការយល់ដឹងពីការទុកដាក់សំរាម និងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក មានការប្រែប្រួលវិជ្ជមាន តាមរយៈការបង្កើតឡើងនូវបទបញ្ញតិ បទដ្ឋានគតិយុត្ត ច្បាប់នានា ស្របតាមការអភិវឌ្ឍប្រទេសជាតិ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី អ៊ាង សុផល្លែត បានថ្លែងថា ភាពស្អាត និងសុខភាពប្រជាពលរដ្ឋជាការងារអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់។ ការគ្រប់គ្រងសំណល់ គឺការកាត់បន្ថយសំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ គ្មានសំណល់ប្លាស្ទិកសហគមន៍ស្អាត បឹងបួរនឹងស្អាត តំបន់ធនធានធម្មជាតិ មិនមានការបំពុលពីសំណល់។

ដើម្បីដោះស្រាយការបំពុលដោយប្លាស្ទិក លោករដ្ឋមន្រ្តី បានបញ្ជាក់ថា «ស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមរៀបចំទុកដាក់សំណល់ និងញែកអោយបានត្រឹមត្រូវ គិតគូរដល់សំរាមដែលអាចកែច្នៃប្រើប្រាស់ឡើងវិញ និងសំរាមដែលចាក់ចោល គួរទុកដាក់នៅទីលានឲ្យបានត្រឹមត្រូវ»។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអំពាវនាវបន្ថែមទៀត ប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការចោលសំរាមតាមទីសាធារណៈ ហើយបែរមកទុកដាក់ឱ្យបានត្រឹមត្រូវ ជាពិសេសអនុវត្តន៍វិធាន 4Rs (ការបដិសេធ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ)។

សូមបញ្ជាក់ថា សំណល់សំរាមនិងប្លាស្ទិកមិនមែនជាបញ្ហារបស់កម្ពុជាទេ គឺជាបញ្ហាសកល។ សំណល់ទាំងនេះ បានបំពុលទៅដល់មិនត្រឹមតែមនុស្សយើងទេ ប៉ុន្តែបំពុលទាំងធនធានធម្មជាតិ និងជីវចម្រុះនៅលើគោក និងក្នុងទឹកផងដែរ។ រាជធានីភ្នំពេញ ក៏ដូចជានៅតាមទីក្រុងធំៗ បានផលិតសំរាមជាមធ្យម៣០០០ តោនក្នុងមួយថ្ងៃ ប៉ុន្តែមានតែសំរាមជាង២០% ប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ។ ដោយឡែកប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ម្នាក់អាចប្រើប្រាស់ថង់ប្លាស្ទិក ៥ថង់ ក្នុងមួយថ្ងៃ ដូចនេះ អាចបង្កើតសំណល់ប្លាស្ទិកប្រមាណ៥៧តោនក្នុងមួយថ្ងៃ។ បើសរុបចំនួនថង់ប្លាស្ទិកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា មានប្រមាណ ៥៦លានថង់ ក្នុងមួយថ្ងៃ គឺស្មើនឹង២៧៩តោនក្នុងមួយថ្ងៃ៕

To Top