ព័ត៌មានអន្តរជាតិ

ការសិក្សាស្រាវជ្រាវថ្មី បានបង្ហាញថា ការទ្បើងកំពស់ទឹកសមុទ្រ នឹងលប់បំបាត់ទីក្រុងអស់ច្រើនទៀត នៅឆ្នាំ២០៥០

ភ្នំពេញ៖ បើតាមកាសែតញូវយ៉កតែម នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ប្រជាជនបីដងច្រើនជាងចំនួន ដែលបានគណនាពីពេលមុន នឹងត្រូវរងប៉ះពាល់ដោយសារ ការទ្បើងកំពស់ទឹកសមុទ្រដល់ឆ្នាំ២០៥០ ហើយទីក្រុងធំៗមួយចំនួន របស់ពិភពលោកអាចនឹងត្រូវរលាយបាត់។ 

ការសិក្សាស្រាវជ្រាវថ្មីបានបង្ហាញពី របៀបគណនាមួយប្រាកដប្រជាជាងមុន តាមរយៈផ្កាយរណប និងផលប៉ះពាល់លើតំបន់មួយចំនួនដែលឆ្លុះបញ្ចាំងថា តួលេខលើកមុនសុទិដ្ឋិនិយមជ្រុល។ តួលេខថ្មីបានបង្ហាញថា ប្រជាជនប្រមាណ ១៥០លាននាក់ កំពុងរស់នៅលើដីដែលនឹងត្រូវឋិតនៅក្រោមទឹកសមុទ្រ ពេលជោរនាពាក់កណ្តាលសតវត្សរ៍នេះ ៖ ក្នុងនោះ

– ភាគខាងត្បូងវៀតណាមនឹងរលាយបាត់។ ប្រជាជនវៀតណាមជាង២០លាននាក់ ឬប្រហែល ១/៤ កំពុងរស់នៅលើដីដែលនឹងត្រូវលិចលង់។

– នៅប្រទេសថៃប្រជាជនជាង ១០% កំពុងរស់នៅលើដីដែលនឹងត្រូវលិចលង់នៅឆ្នាំ២០៥០ ហើយទីក្រុងបាងកកក៏ត្រូវរងគ្រោះដែរ។

– នៅចិនទីក្រុងសៀងហៃ និងក្រុងជុំវិញនោះ ក៏នឹងរងការគម្រាមកំហែងដែរ។

– នៅឥណ្ឌា ក្រុងមុំបៃ ក៏អាចត្រូវរលាយបាត់ដែរ។

បំលាស់លំនៅដែលបណ្តាលមកពី ការទើ្បងកំពស់ទឹកសមុទ្រ នឹងបង្កឲ្យមាន ក៏ដូចជានាំឲ្យរឹតតែធ្ងន់ធ្ងរ ថែមទៀតនូវជម្លោះក្នុងតំបន់។

ហេតុនេះវាមិនគ្រាន់តែជាបញ្ហា ផ្នែកបរិស្ថានប៉ុណ្ណោះទេ តែក៏ជាបញ្ហាមនុស្សធម៌ សន្តិសុខនិងយោធាផងដែរ៕ 

អត្ថបទប្រែសំរួលដោយ៖ ស៊ាន វិសុទ្ធ

To Top