ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានអះអាងថា ភាគីចិនបានយល់ព្រមការស្នើឲ្យ ចុះពិនិត្យដោយឆាប់រហ័សរបស់ក្រុមហ៊ុននាំចេញអង្ករកម្ពុជា ដែលមានចំនួនសរុបជាង ៤០ក្រុមហ៊ុន ខណៈបច្ចុប្បន្ននេះមានចំនួន២៦ក្រុមហ៊ុន ត្រូវបានជាប់ជាស្ថាពរក្នុងការពិនិត្យលើកនេះ នឹងទទួលការអនុញ្ញាតក្នុងការ នាំចេញផលិតផលអង្ករ ទៅកាន់ប្រទេសចិន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា។
តាមតួលេខនៃក្រសួង ដែលពាក់ព័ន្ធក្នុងប្រទេសកម្ពុជាបានបង្ហាញឲ្យឃើញថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសចិនមានចំនួនសរុប ១៥,៧៨ម៉ឺនតោន កើនឡើង ៤៤% បើប្រៀបធៀបនឹង រយៈពេលដូចគ្នានិងមានចំនួន ៣៩,៦% នៃចំនួនសរុបការនាំចេញ អង្ករកម្ពុជាហើយប្រទេសចិនក៏បានក្លាយជា ទីផ្សារនាំចូលអង្ករធំបំផុតរបស់ប្រទេសកម្ពុជា។
សូមរំលឹកថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករ ចំនួន៣៩៨ ៥៨៦តោន មានការកើនឡើងចំនួន ៩៣២២តោន បើប្រៀបធៀបទៅនឹងការនាំចេញ៩ខែ ឆ្នាំ២០១៨ ខណៈចិនជាប់លំដាប់ថ្នាក់ទី១ ។
យោងតាមរបាយការណ៍ របស់ក្រសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា ការនាំចេញទៅកាន់ទិសដៅចំនួន ៥៣ប្រទេស ក្នុងនោះ ប្រទេសចិនលំដាប់ទី១ (១៥៧៧៩៣តោន) , បារាំងលំដាប់ទី២ (៥៣៧២៣តោន) , ហ្គាបុងលំដាប់ទី៣ (២១៦៨២តោន) , ម៉ាឡេស៊ីលំដាប់ទី៤ (២០៥៩៩តោន) , ប្រ៊ុយណេលំដាប់ទី៥ (១៦១២៧តោន) , ដឺឡែនលំដាប់ទី៦(១៤៧២៥តោន) , អូស្ដ្រាលីលំដាប់ទី៧ (១៤៥២៩តោន) , អេស្ប៉ាញលំដាប់ទី៨ (១០០៨៩តោន) ,អង់គ្លេសលំដាប់ទី៩ (៩៥៧៩តោន) និងវៀតណាមលំដាប់ទី១០ (៨៦០៥តោន) ៕