ព័ត៌មានអន្តរជាតិ

អាមេរិក រារាំងកិច្ចខិតខំប្រឹងប្រែង ជាសកលលើបទ ឈប់បាញ់ហ្គាហ្សា ដោយបដិសេធសេចក្តីព្រាងសេចក្តីសម្រេចរបស់ UNSC

រូបភាពពី៖​ XINHUA

ប៉េកាំង៖ នៅពេលដែលពិភពលោកខិតខំពន្លត់ភ្លើង និងជួយឈានដល់សន្តិភាពនៅតំបន់ហ្គាហ្សា ទីក្រុងវ៉ាស៊ីនតោន បានរារាំងកិច្ចខិតខំប្រឹងប្រែងជាសាកលម្តងទៀត ដោយបានវេតូកាលពីថ្ងៃពុធលើសេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌នៅហ្គាហ្សា។

ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍មួយក្នុងចំនោមសមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក បានរំលោភសិទ្ធិវេតូលើសេចក្តីព្រាងដំណោះស្រាយដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងក្រុមប្រឹក្សាសន្តិសុខ ដែលជាការភ្ញាក់ផ្អើល និងខកចិត្ត ខណៈដែលគ្រោះមហន្តរាយមនុស្សធម៌បច្ចុប្បន្ន កំពុងកើតឡើងនៅក្នុងតំបន់ហ្គាហ្សា។

ពិភពលោកមានហេតុផលគ្រប់បែបយ៉ាង ដើម្បីដាក់មន្ទិលលើភាពស្មោះត្រង់របស់វ៉ាស៊ីនតោន ក្នុងការជួយដោះស្រាយជម្លោះ និងបន្ធូរបន្ថយសោកនាដកម្មមនុស្សធម៌នៅហ្គាហ្សា។

បទ​ឈប់​បាញ់​នៅ​ហ្គាហ្សា ដើម្បី​បញ្ឈប់​គ្រោះ​មហន្តរាយ ដែល​កំពុង​កើត​ឡើង គឺ​ជា​អាទិភាព​កំពូល​សម្រាប់​សហគមន៍​អន្តរជាតិ ប៉ុន្តែដោយផ្តល់សិទ្ធិវេតូតែមួយគត់លើដំណោះស្រាយ ដែលអាចនាំមកនូវបទឈប់បាញ់ និងជំនួយមនុស្សធម៌ សហរដ្ឋអាមេរិក បានបង្ហាញថា ប្រទេសនេះផ្តល់អាទិភាពដល់ការគណនាភូមិសាស្ត្រនយោបាយ និងយុទ្ធសាស្ត្ររបស់ខ្លួនលើការសង្គ្រោះជីវិត និងការលើកកម្ពស់បទឈប់បាញ់។

ផ្ទុយទៅនឹងការលើកឡើងរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នាពេលថ្មីៗនេះ ដែលថា “ភាពជាអ្នកដឹកនាំរបស់អាមេរិក គឺជាអ្វីដែលធ្វើឱ្យពិភពលោករួមគ្នា” សហរដ្ឋអាមេរិក ជាការហួសចិត្ត ដោយការបដិសេធ ចំពោះសេចក្តីព្រាងសេចក្តីសម្រេចនេះ ពិតជាកំពុងរារាំងកិច្ចខិតខំប្រឹងប្រែងជាសាកលក្នុងការបង្រួបបង្រួមការបែកបាក់គ្នា ដើម្បីឈានដល់ចំណុចរួមមួយ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top