បរទេស៖ អតីតមន្ត្រីយោធា នយោបាយ និងចារកម្មរបស់អ៊ីស្រាអែល បានរិះគន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល គឺលោក Benjamin Netanyahu ចំពោះការដឹកនាំ របស់លោក ចំពេលមានវិបត្តិ ដែលកំពុងបន្តបង្កឡើង ដោយការវាយប្រហារ របស់ពួកហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា អតីតឥស្សរជនអ៊ីស្រាអែល ដ៏លេចធ្លោ រួមទាំងអតីតនាយករដ្ឋមន្ត្រីគឺលោក Ehud Barak បានសម្តែងការព្រួយបារម្ភ របស់ពួកគេអំពីការដឹកនាំ របស់លោក Netanyahu អំឡុងពេលមានវិបត្តិ ដូចដែលបានរាយការណ៍ ដោយប្រព័ន្ធផ្សព្វផ្សាយ អង់គ្លេស ។ លោក Barak បានពណ៌នាការវាយប្រហារ របស់ក្រុម ហាម៉ាស ថាជា «ការវាយប្រហារ ដ៏ធ្ងន់ធ្ងរបំផុត ដែលអ៊ីស្រាអែលបាន ទទួលរង ចាប់តាំងពីការបង្កើតឡើង»។ លោកបានសម្តែងការ សង្ស័យផងដែរ ចំពោះសមត្ថភាពរបស់លោក Netanyahu ក្នុងការដឹកនាំបន្ទាប់ពីព្រឹត្តិការណ៍ ដ៏មហន្តរាយមួយនេះ។
ការរិះគន់ទាំងនេះកើតឡើងបន្ទាប់ពីមានការព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងប្រទេសអ៊ីស្រាអែល អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធានាការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាស ចាប់ និងឃុំខ្លួននៅហ្គាហ្សា។ គ្រួសារខ្លះបានជំរុញឱ្យមានការចរចា ខណៈពេលដែលអ្នកផ្សេងទៀតគាំទ្រដល់ប្រតិបត្តិការយោធាជាបន្ទាន់ដើម្បីលុបបំបាត់ថ្នាក់ដឹកនាំក្រុមហាម៉ាស ទោះបីស្ថិតក្នុងហានិភ័យនៃសុវត្ថិភាពរបស់ចំណាប់ខ្មាំងក៏ដោយ។
អ្នករិះគន់អះអាងថា ការឆ្លើយតប របស់រដ្ឋាភិបាល ចំពោះវិបត្តិនេះ គឺមិនបានគ្រប់គ្រាន់។ អតីតប្រធានបុគ្គលិក នៃកងកម្លាំងការពារអ៊ីស្រាអែល បានអំពាវនាវឱ្យលោក Netanyahu លាលែងពីតំណែងជានាយករដ្ឋមន្រ្តី ដោយលើកឡើងពីភាព មិនដំណើរការរបស់រដ្ឋាភិបាល ដូចដែលបានដកស្រង់ ដោយប្រព័ន្ធផ្សព្វផ្សាយ របស់ចក្រភពអង់គ្លេស ។ ទស្សនៈនេះត្រូវបានចែករំលែក ដោយជនជាតិអ៊ីស្រាអែល ជាច្រើនដែលជឿថា រដ្ឋាភិបាលបានគ្រប់គ្រងស្ថានការណ៍ខុស ៕
ប្រែសម្រួលៈ ណៃ តុលា