ព័ត៌មានអន្តរជាតិ

ប្រជាជនតំបន់ហ្គាហ្សា ស្លាប់កើនដល់ ៤.៤០០នាក់ និងរបួស ១៤.២០០នាក់ ក្នុងជម្លោះជាមួយអ៊ីស្រាអែល

AFP

បរទេស៖ ក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយកាលពីថ្ងៃអាទិត្យថា មន្ទីរពេទ្យយ៉ាងហោចណាស់ចំនួន ១០ នៅតំបន់ហ្គាហ្សាស្ទ្រីប បានបញ្ឈប់ដំណើរការដោយសារតែការបាញ់ផ្លោងរបស់អ៊ីស្រាអែល និងការខ្វះខាតប្រេងឥន្ធនៈ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមក្រសួងសុខាភិបាលហ្គាហ្សាថា “ចំនួនមន្ទីរពេទ្យដែលបានបញ្ឈប់ប្រតិបត្តិការដោយសារតែការបាញ់ផ្លោង និងការខ្វះខាតប្រេងឥន្ធនៈបានកើនឡើងដល់ ១០” ។

ក្រសួងបានបន្ថែមថា ចំនួនសរុបនៃស្ថាប័នវេជ្ជសាស្រ្តគ្រប់ប្រភេទដែលត្រូវបានទទួលរងនូវការបាញ់ផ្លោងរបស់អ៊ីស្រាអែល និងបានឈប់ដំណើរការ បានកើនឡើងដល់ ២៩ហើយ។

កាលពីថ្ងៃសុក្រ មន្រ្តីក្រសួងសុខាភិបាលរបស់ហ្គាហ្សាស្ព្រីប បាននិយាយថា ចំនួនអ្នកស្លាប់សរុបពីការវាយប្រហាររបស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ជិត ៤.៤០០ នាក់ ខណៈជាង ១៤.២០០ នាក់ផ្សេងទៀតបានរងរបួស ហើយ កាលពីថ្ងៃអាទិត្យ ចំនួនអ្នកស្លាប់បានកើនលើស ៤.៦០០នាក់។

រដ្ឋាភិបាលដែលជាប់ពាក់ព័ន្ធនឹងក្រុមហាម៉ាសនៃតំបន់ ហ្គាហ្សាស្រ្ទីប បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ទន្ទឹមនឹងនេះដែរ ចំនួនប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវចាកចេញពីផ្ទះសម្បែង ដោយសារការកើនឡើងនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល បានកើនឡើងដល់ ១,៥ លាននាក់ ដែលស្មើនឹង ៧០ភាគរយ នៃចំនួនប្រជាជនហ្គាហ្សា៕

ប្រែសម្រួលៈ ណៃ តុលា

To Top