ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី ព្រមានកម្ទេចយន្តហោះចម្បាំង F-16 ក្នុងពេលតិចជាង៣សប្តាហ៍ ប្រសិនបើយន្តហោះនេះ មកដល់ដៃអ៊ុយក្រែន

AFP

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergey Shoigu បានអះអាងកាលពីថ្ងៃពុធថា យន្តហោះចម្បាំង F-16 ទាំងមូល ដែលបានសន្យា ទៅកាន់ទីក្រុងគៀវ ដោយម្ចាស់ជំនួយ លោកខាងលិច អាចត្រូវបានបំផ្លាញ ក្នុងរយៈពេលតិច ជាងបីសប្តាហ៍ ។ លោក Sergey Shoigu ផ្អែកលើការអះអាង របស់លោកលើអត្រា ជោគជ័យខ្ពស់ដែលបង្ហាញ ដោយការការពារដែនអាកាសរុស្ស៊ី ក្នុងការបាញ់ទម្លាក់ យន្តហោះយោធា អ៊ុយក្រែនកាលពីខែមុន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លោក Shoigu បានកោតសរសើរ ដល់កងកម្លាំងរុស្ស៊ី ដែលបានធ្វើការស្ទាក់ ចាប់បានជោគជ័យជាង ១.៤០០ដង នៅក្នុងខែតុលា ។ លោកបាននិយាយថា តួលេខនេះ រួមមានយន្តហោះ អ៊ុយក្រែនចំនួន ៣៧ គ្រឿង ដែលស្ទើរតែពីរដង នៃចំនួនយន្តហោះ F-16 ដែលប្រទេសបរទេស មានបំណងផ្តល់ឱ្យក្រុងគៀវ។

យោងតាមក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា យន្តហោះដែលកងកម្លាំងរុស្ស៊ីបានទម្លាក់កាលពីខែមុន គឺជាយន្តហោះចម្បាំង MiG-29 និង Su-25 ដែលរចនាឡើងដោយសូវៀតភាគច្រើន។ លោក Shoigu ធ្លាប់បានអះអាងថា កងទ័ពរុស្ស៊ីបាននឹងកំពុងប្រើប្រាស់ “ប្រព័ន្ធថ្មី” ដើម្បីកែលម្អការស្ទាក់ចាប់។

ប្រភពដែលដកស្រង់ដោយសារព័ត៌មាន TASS បានអះអាងថា រុស្ស៊ីបាននឹងកំពុងប្រើប្រាស់រ៉ាដាតាមអាកាស A-50 ដើម្បីចាប់គោលដៅអ៊ុយក្រែន និងនៅរយៈកម្ពស់ទាប ។ ការវាយលុកត្រូវ បានគេរាយការណ៍ថា សម្រេចបានដោយមីស៊ីល ប្រឆាំងយន្តហោះរយៈចម្ងាយឆ្ងាយ ដែលបាញ់ចេញពីឧបករណ៍បាញ់ S-400 ប្រដាប់ ដោយក្បាលគ្រាប់ថ្មី និងដឹកនាំដោយប្រើ ប្រាស់ទិន្នន័យ ពីរ៉ាដានៅលើអាកាស ៕
ប្រែសម្រួលៈ ណៃ តុលា

To Top