ព័ត៌មានជាតិ

កម្ពុជា នឹងទទួលឥទ្ធិពល ពីប្រព័ន្ធសម្ពាធខ្ពស់ ក្នុងកម្រិតមធ្យមមួយ ពីប្រទេសចិន នៅថ្ងៃទី៧-៨ ខែវិច្ឆិកា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង ឱ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន លាតសន្ធឹងមកលើភាគខាងជើង និងភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយខ្យល់មូសុងឦសានខ្សោយ ។

ទន្ទឹមនឹងនេះ មានចរន្ដខ្យល់ក្ដៅហើយសើម ពីសមុទ្រចិនខាងត្បូង នឹង បក់ពីទិសខាងកើត និងទិសអាគ្នេយ៍មក លើប្រទេសកម្ពុជា ។ ដោយឡែក នៅថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពី ប្រព័ន្ធសម្ពាធខ្ពស់ ក្នុងកម្រិតមធ្យមមួយទៀត ពីប្រទេសចិន ដែលលាតសន្ធឹង ដល់ភាគខាងជើង និងភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះ នៅថ្ងៃទី៦ ខែវិច្ឆិកា ២០២៣ នឹងធ្វើឱ្យធាតុអាកាស៖

១-តំបន់វាលទំនាប ៖ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាព អតិបរមាពី២៩-៣២°C ហើយខ្យល់បក់ មកពីទិសឦសាន ទិសខាងកើត និងទិសអាគ្នេយ៍ក្នុងល្បឿនពី១-៣ម៉ោង/វិនាទី ភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ក្នុងកម្រិតពីតិចទៅបង្គួរលើរាជធានីភ្នំពេញ និងខេត្តមួយចំនួននៅក្នុងភូមិភាគពាយ័ព្យ ភាគខាងត្បូង និងភាគអាគ្នេយ៍នៃប្រទេសកម្ពុជា ដែលអាចគ្របដណ្តប់លើផ្ទៃដីពី១០% ទៅ ៣០% ។

២-តំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី២៩-៣២°C ហើយខ្យល់បក់មកពីទិសឦសាន និងទិសខាងកើតក្នុងល្បឿនពី១-៣ម៉ោង/វិនាទី។ ភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លើខេត្តត្បូងឃ្មុំ កំពង់ចាម និងព្រះវិហារ ដែលអាចគ្របដណ្ដប់លើផ្ទៃដីពី១០% ទៅ ២០%។ ដោយឡែកខេត្តមណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និងរតនគិរី អាចមានភ្លៀងរលឹមតិចតួចប៉ុណ្ណោះ ។

៣-តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមាពី២៤-២៧°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសាន និងទិសខាងកើតក្នុងល្បឿនពី១-៣ម៉ោង/វិនាទី ។​ ភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី២០% ទៅ៣០%។ ចំណែកឯ នៅលើផ្ទៃសមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យម ហើយខ្យល់បក់មកពីទិសខាងត្បូង និងទិសខាងកើតក្នុងល្បឿនពី១-៣ ម៉ោង/វិនាទី និងរលកសមុទ្រមានកម្ពស់ពី០,៥-១ម៉ែត្រ៕

To Top