ព័ត៌មានអន្តរជាតិ

Update៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លើកឡើងថា បទឈប់បាញ់គ្នានៅតំបន់ហ្គាហ្សា នាំឲ្យក្រុមហាម៉ាស់ នឹងអាចប្រមូលផ្តុំគ្នាឡើងវិញ

Xinhua

អាំម៉ង់៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ហ្ស៊កដានី Petra News បានផ្សាយថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃសៅរ៍ថា ការឈានដល់បទឈប់បាញ់ភ្លាមៗនៅក្នុងតំបន់ហ្គាហ្សា នឹងជួយឱ្យចលនាហាម៉ាសអាចប្រមូលផ្តុំកងកម្លាំងរបស់ខ្លួនឡើងវិញ។

សូមបញ្ជាក់ថា លោករដ្ឋមន្ត្រីបានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅរដ្ឋធានី អាំម៉ង់ (Amman) របស់ប្រទេសហ្ស៊កដានី ជាមួយរដ្ឋមន្ត្រីការបរទេសហ្សកដានី លោក Ayman Safadi និងរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោកSameh Shoukry ក្រោយពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់មួយចំនួន ព្រមទាំងមន្ត្រី PLO ស្តីពីជម្លោះអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ។

នៅក្នុងសន្និសីទសារព័ត៌មាន លោក Blinken បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះ “ការផ្អាកមនុស្សធម៌” នៅក្នុងតំបន់ហ្គាហ្សា ដែលនឹងអនុញ្ញាតឱ្យផ្តល់ជំនួយ និងជនស៊ីវិលផ្លាស់ទីដោយសេរីទៅកាន់កន្លែងមានសុវត្ថិភាព។

លោកបានសង្កត់ធ្ងន់ ពីតម្រូវការដើម្បីការពារ ជនស៊ីវិលប៉ាឡេស្ទីន ខណៈដែលបញ្ជាក់ឡើងវិញ នូវការគាំទ្ររបស់ប្រទេស របស់លោកចំពោះសិទ្ធិរបស់អ៊ីស្រាអ៊ែលក្នុងការ “ការពារខ្លួនប្រឆាំង នឹងចលនាហាម៉ាស់” ។

លោកបានថ្លែងថា សហរដ្ឋអាមេរិក នឹងបង្កើនឥទ្ធិពលរបស់ខ្លួន ដើម្បីការពារប្រទេសណាមួយពីការចាប់ផ្តើមរណសិរ្សថ្មីនៅក្នុងជម្លោះអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ។

ចំណែកលោក Safadi បានរំលឹកឡើងវិញ នូវការអំពាវនាវ របស់ប្រទេសហ្ស៊កដានី ឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងការផ្តល់ជំនួយមនុស្សធម៌ ដល់តំបន់ហ្គាហ្សា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top