យេរ៉ូសាឡឹម៖ យោធាអ៊ីស្រាអែលបានឲ្យដឹងថា កងកម្លាំងរបស់ខ្លួនបានក្នុងឡោមព័ទ្ធទៅដល់ឆ្នេរសមុទ្រនៃទីក្រុងហ្គាហ្សា ខណៈដែលចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅបានកើនឡើងដល់ ៩,៧៧០នាក់ ចំពេលមានការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែល។
យោធាអ៊ីស្រាអែល បាននិឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងពលធំទី៣៦ ពាសដែកបានទៅដល់ “ទីតាំងនៅតាមឆ្នេរសមុទ្រនៃហ្គាហ្សា” ហើយកងទ័ពកំពុង “ឡោមព័ទ្ធ” កងកម្លាំងហាម៉ាសនៅក្នុងទីក្រុង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យោធាបានបន្ថែមថា គោលដៅរបស់ពួកគេគឺ “វាយប្រហារ និងបំផ្លាញគោលដៅ ដែលបានជ្រើសរើស រួមទាំងទ្រព្យសម្បត្តិសំខាន់ៗ និងមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រងដែលជាកម្មសិទ្ធិរបស់ក្រុមហាម៉ាស”។
អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បានឲ្យដឹងនៅក្នុងសន្និសីទខ្លីមួយថា “កងកម្លាំងបានបែងចែកស្ទ្រីបទៅហ្គាហ្សាខាងជើង និងហ្គាហ្សាខាងត្បូង ហើយគ្រប់គ្រងច្រាំង រួមទាំងការសម្លាប់មេបញ្ជាការហាម៉ាស”។
លោក Hagari បានអំពាវនាវម្តងទៀតទៅកាន់ពលរដ្ឋហ្គាហ្សា ឱ្យជម្លៀសខ្លួនពួកគេពីភាគខាងជើងតំបន់ហ្គាហ្សា តាមរយៈ “ច្រករបៀងមួយសម្រាប់ជនស៊ីវិល” ទៅភាគខាងត្បូង ខណៈដែលការវាយប្រហាររបស់អ៊ីស្រាអែល កាន់តែច្រើនត្រូវបានរំពឹងទុកនៅក្នុងទីក្រុងហ្គាហ្សា។
កាលពីថ្ងៃអាទិត្យផងដែរ លោក Hagari បានទាមទារឱ្យក្រុមហាម៉ាស បញ្ឈប់ “ការកេងប្រវ័ញ្ចជាប្រព័ន្ធនៃបរិក្ខារពេទ្យ សម្រាប់សកម្មភាពភេរវកម្ម”។ ក្នុងការសង្ខេបជាភាសាអង់គ្លេស លោក Hagari បានបង្ហាញខ្សែអាត់សំឡេង និងរូបភាព ដែលលោកបានឲ្យដឹងថា ជាភស្តុតាងដែលថា ហេដ្ឋារចនាសម្ព័ន្ធក្រោមដីរបស់ក្រុមហាម៉ាស ត្រូវបានបង្កប់នៅក្រោមមន្ទីរពេទ្យ ដែលមានទីតាំងនៅតំបន់ភាគខាងជើង។
កងពលតូច Al-Qassam ដែលជាស្លាបប្រដាប់អាវុធនៃក្រុមហាម៉ាស បានប្រកាសកាលពីថ្ងៃអាទិត្យថា ក្រុមអ្នកប្រយុទ្ធរបស់ខ្លួន “បានរារាំងកងកម្លាំងអ៊ីស្រាអែល ដែលវាយលុកភាគខាងកើតនៃ Khan Younis ចូលទៅក្នុងការវាយឆ្មក់យ៉ាងតឹងរ៉ឹង បន្ទាប់ពីបានវាយប្រហារពួកគេដោយគ្រាប់ផ្លោង Al-Yassin 105 កាំភ្លើងធំ អាវុធធុនមធ្យម និងកាំភ្លើងត្បាល់ និងគ្រាប់ផ្លោង ដែលនាំទៅដល់ការបំផ្លាញរថក្រោះពីរគ្រឿង៕
ប្រែសម្រួល ឈូក បូរ៉ា