បរទេស៖ប្រធានាធិបតីតួកគី លោក Tayyip Erdogan នឹងធ្វើទស្សនកិច្ចប្រទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃ ស្របពេលមានភាពតានតឹងរវាងទីក្រុងអង់ការ៉ានិងទីក្រុងមូស្គូ ជុំវិញការកើនកម្តៅជម្លោះ ជាមួយកងកម្លាំងរដ្ឋាភិបាលស៊ីរី នៅតំបន់ Idlib ប្រទេសស៊ីរី ភាគពាយព្យ។
លោក Tayyip Erdogan ត្រូវបានគេរំពឹងថា នឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ក្រោយកងទ័ពតួកគី៣៣នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារតាមអាកាសនៅតំបន់ Idlib ប្រទេសស៊ីរី កាលពីសប្ដាហ៍មុន បណ្ដាលឲ្យតួកគី បើកការវាយប្រហារមួយ ទៅលើកង កម្លាំងរដ្ឋាភិបាល ស៊ីរីដែលគាំទ្រដោយរុស្ស៊ី នៅក្នុងតំបន់។
គួរបញ្ជាក់ថា មន្ត្រីស៊ើបអង្កេតអង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ីបានសម្លាប់ជនស៊ីវិល នៅក្នុងការវាយ ប្រហារតាមអាកាសនៅ ក្នុងប្រទេសស៊ីរី ចំណែកពួកឧទ្ទាមជាសម្ពន្ធមិត្តតួកគី បានធ្វើការសម្លាប់និងលួចប្លន់ នៅក្នុងតំបន់ពួកឃឺដ ហើយទង្វើទាំងនេះ អាចនឹងត្រូវបានចាត់ទុកថា ជាឧក្រិដ្ឋកម្មសង្គ្រាម ធ្វើឡើងដោយទីក្រុងមូស្គូនិងទីក្រុងអង់ការ៉ា៕
ប្រែសម្រួល៖ប៉ាង កុង
