បរទេស៖ កងទ័ពជើងទឹកអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទថា នាវាមុជទឹកប្រភេទ Ohio-class ដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿង របស់ខ្លួនបានមកដល់តំបន់ទទួលខុសត្រូវរបស់បញ្ជាការកណ្តាល (CENTCOM) ដែលគ្របដណ្តប់តំបន់មជ្ឈិមបូព៌ា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ទូកដែលកំពុងចោទសួរនោះ គឺជានាវា USS Florida ដែលអាចផ្ទុកកាំជ្រួចនាវា Tomahawk ដល់ទៅ ១៥៤ ដើម ឬ កងកំលាំងពិសេស Navy SEAL សម្រាប់ប្រតិបត្តិការសម្ងាត់ចំនួនដល់ទៅ៦៦នាក់។
នាវាមុជទឹកប្រភេទ Ohio-class ចំនួន ៤គ្រឿង ត្រូវបានបំប្លែងឱ្យបំពាក់ដោយកាំជ្រួច Cruise ជាជាងមីស៊ីលផ្លោងអន្តរទ្វីប ដោយមាន២គ្រឿងនៅឆ្នេរសមុទ្រនីមួយៗរបស់សហរដ្ឋអាមេរិក។ បណ្តាញព័ត៌មានបានផ្សាយដោយបានស្រង់ការលើកឡើងពីមន្ត្រីការពារជាតិអាមេរិកដែលមិនបញ្ចេញឈ្មោះថា ការដាក់ពង្រាយនេះគឺមានន័យថាជា “ការបង្ហាញកម្លាំង” ដល់ប្រទេសអ៊ីរ៉ង់ ។
សេចក្តីប្រកាសរបស់ បញ្ជាការកណ្តាល (CENTCOM) រួមមាន រូបថតរបស់នាវាមុជទឹកដែលទំនងជាកំពុងធ្វើដំណើរឆ្ពោះទៅស្ពាន អាល់ សាឡាម (Al Salam) ដែលឆ្លងកាត់ប្រឡាយ ស៊ុយអេស។ វាកម្រណាស់សម្រាប់មន្ទីរប៉ង់តាហ្គោនក្នុងការរាយការណ៍ពីការដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ លុះត្រាតែនាវាទាំងនោះត្រូវហៅឱ្យស្តុកចតនៅតាមកំពង់ផែ។
ទ្រព្យសម្បត្តិយោធាបន្ថែមបានមកដល់ក្នុងតំបន់ ខណៈដែលក្រុមនាវាផ្ទុកយន្តហោះអាមេរិកពីរក្រុមកំពុងធ្វើបេសកកម្មនៅភាគខាងកើតមេឌីទែរ៉ាណេ។ ការដាក់ពង្រាយនាវាផ្ទុកយន្តហោះ USS Gerald R. Ford និង នាវា Dwight D. Eisenhower ត្រូវបានក្រុងវ៉ាស៊ីនតោនចាត់ទុកថា ជាវិធានការទប់ស្កាត់ចំពេលដែលប្រតិបត្តិការយោធាអ៊ីស្រាអែលដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សា៕ ប្រែសម្រួលៈ ណៃ តុលា