ដាម៉ាស់៖ វិទ្យុ Sham FM ដែលគាំទ្ររដ្ឋាភិបាលបានរាយការណ៍ថា ការផ្ទុះដ៏ខ្លាំងមួយត្រូវបានគេឮកាលពីល្ងាចថ្ងៃអង្គារ នៅឯមូលដ្ឋានយោធាសហរដ្ឋអាមេរិក នៅតំបន់ឧស្ម័នធម្មជាតិ Koniko ក្នុងខេត្ត Deir al-Zour ភាគខាងកើតប្រទេសស៊ីរី។
របាយការណ៍បានឲ្យដឹងថា ព័ត៌មានដំបូងបានបង្ហាញថា មូលដ្ឋាននេះស្ថិតក្រោមការ វាយប្រហារដោយគ្រាប់រ៉ុក្កែត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
នេះកើតឡើងចំពេលមានការកើនឡើង នៃការវាយប្រហារប្រឆាំង នឹងការដំឡើង យោធារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី ដោយកងជីវពលគាំទ្រអ៊ីរ៉ង់ក្នុងការឆ្លើយតបទៅនឹងការគាំទ្រ របស់សហរដ្ឋអាមេរិក សម្រាប់អ៊ីស្រាអែល នៅក្នុងជម្លោះដែលកំពុងបន្តជាមួយក្រុមហាម៉ាស នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
កាលពីថ្ងៃចន្ទ ក្រុមប្រដាប់អាវុធមួយក្រុម ដែលហៅខ្លួនឯងថា “ការតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់” ដែលជាអង្គភាពឆ័ត្រ សម្រាប់កងជីវពលអ៊ីរ៉ាក់ ដែលគាំទ្រ ដោយអ៊ីរ៉ង់ បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារលើមូលដ្ឋាន ទ័ពអាមេរិកចំនួនពីរ ក្នុងប្រទេសស៊ីរី ដែលមួយនៅភាគឦសាននៃតំបន់ Tell Beydar ជិតទីក្រុង al-Hasakah និងមួយទៀតនៅលើមូលដ្ឋានយោធា al-Tanf ក្បែរព្រំដែនស៊ីរីជាមួយអ៊ីរ៉ាក់ និងហ្ស៊កដានី។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមដូចគ្នាបានអនុវត្តការវាយប្រហារ ជាបន្តបន្ទាប់លើមូលដ្ឋានទ័ព អាមេរិកជាច្រើននៅភាគខាងជើង និងភាគខាងកើតប្រទេសស៊ីរី៕
ប្រែសម្រួល ឈូក បូរ៉ា