ព័ត៌មានជាតិ

បង្ក្រាបករណីទទួលផលចោរកម្ម ២ទីតាំង ដកហូតម៉ូតូជិត៥០គ្រឿង នៅក្រុងព្រះសីហនុ

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញទៅលើកទឹកចិត្ត ដល់កងកម្លាំងអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ ក្នុងកិច្ចសហប្រតិបត្តិការ បង្ក្រាបករណីអំពើលួច និងទទួលផលចោរកម្ម នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្នុងឱកាសនោះ លោក គួច ចំរើន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង បំពេញការងារស្រាវជ្រាវ និងបង្ក្រាបអំពើលួច និងទទួលផលចោរកម្មកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលក្រុម៣៧ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ជនជាតិចិន ២នាក់ និងដកហូតម៉ូតូចម្រុះចំនួន ៤៨គ្រឿង។

លោកអភិបាល បានបន្តថា ម៉ូតូទាំងនេះមិនមែនជាផល នៃអំពើរចោរកម្មទាំងអស់នោះទេ មានករណីស្ម័គ្រចិត្ត យកម៉ូតូទៅបញ្ចាំដោយខ្លួនឯង ក្នុងចំណោមម៉ូតូ៤៨គ្រឿង ក្នុងនោះលោក ក៏បានធ្វើការណែនាំ ដល់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដូចខាងក្រោម៖

ទី១.ពិនិត្យមើលឯកសារកាតគ្រីម៉ូតូ ក្នុងករណីអ្នកយកមកបញ្ចាំ មានចុងសន្លឹកត្រឹមត្រូវ គឺយើងនឹងធ្វើការប្រគល់ជូនម្ចាស់វិញ ចំណែកបំណុលត្រូវទូទាត់គ្នាផ្សេង ហើយការសងនៅតាមពេលវេលា ណាមួយតាមដំណាក់កាល។

ទី២.ម៉ូតូទាំងនេះ ថាតើមានស្លាកលេខត្រឹមត្រូវ ឬមិនត្រឹមត្រូវ ព្រោះម៉ូតូទាំងនេះខ្លះមានស្លាកលេខ ខ្លះទៀតអត់ស្លាកលេខ ដូច្នេះម្ចាស់ម៉ូតូ ដែលមានការពាក់ព័ន្ធ ឬអ្នកបាត់បង់ម៉ូតូ ដោយផលចោរកម្ម សុំមកធ្វើការទំនាក់ទំនង ជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីយកឯកសារមកផ្ទៀងផ្ទាត់ពិនិត្យមើល ចំពោះអ្នកបាត់ក្នុងរយៈពេលកន្លងមក សុំអញ្ជើញមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីពិនិត្យម៉ូតូនៅទីនេះ ថាតើវាជាររបស់យើងមែន ឬមិនមែន ព្រោះម៉ូតូវាអាចមានការដោះដូរមើលលែងស្គាល់ ចំពោះអ្នកដែលយកម៉ូតូមកបញ្ចាំ សូមចូលមកបំភ្លឺ ព្រោះម៉ូតូទាំងនេះ មិនមែនជាការដកហូតនោះទេ គឺយើងយកមករក្សាទុក ដើម្បីស្វែងរកយុត្តិធម៌ ផ្តល់ឱ្យម្ចាស់វិញដែលបានបាត់បង់ យើងមិនអាចវាយតម្លៃបានទេ ត្រូវទាមទារឱ្យម្ចាស់ ចូលរួមបង្ហាញឯកសារម៉ូតូ ដើម្បីរួមគ្នាធ្វើការដោះស្រាយ ហើយអ្នកដែលមានឯកសារត្រឹមត្រូវ យើងនឹងផ្តល់ម៉ូតូ ជូនទៅម្ចាស់ដើមវិញ អ្នកដែលមិនមានសាវតាច្បាស់លាស់ ត្រូវទុកធ្វើការពិនិត្យស្រាវជ្រាវបន្ត ចៀសវាងការភន្តច្រលំ ។

ទី៣.សុំឱ្យអធិការបើកប៉ុស្តិ៍ ជួយសម្របសម្រួល បង្កលក្ខណងាយស្រួល ឱ្យបងប្អូនដែលគាត់មកពិនិត្យម៉ូតូ ដែលបានបាត់ ក៏ប៉ុន្តែមកដល់ថ្ងៃនេះមានមនុស្ស១០នាក់ បញ្ជាក់ថាជាម្ចាស់ ក្រៅពីនោះមិនដឹងថា អ្នកណាជាម្ចាស់នៅឡើយនោះទេ សូមអ្នកដែលមានការពាក់ព័ន្ធ យកឯកសារម៉ូតូមកបញ្ជាក់ដើម្បីឱ្យសមត្ថកិច្ច របស់យើងធ្វើការប្រមូលផ្តុំព័ត៌មាន ដោះស្រាយឱ្យបានលឿនឆាប់ជូនបងប្អូន ដើម្បីយកម៉ូតូទៅប្រើប្រាស់ នៅពេលខាងមុខ។

ទន្ទឹមនោះលោក គួច ចំរើន ក៏បានធ្វើការអំពាវនាវដល់ម្ចាស់ កម្មសិទ្ធករទាំងឡាយ សូមចូលរួមប្រុងប្រយ័ត្ន ស្តីពីទ្រព្យសម្បត្តិរបស់ខ្លួនឱ្យបានល្អ។

សូមបញ្ជាក់ផងដែរថា ក្រោយពីមានបណ្តឹងពីការលួចម៉ូតូ នៅក្នុងក្រុងព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលក្រុង បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ជួបនឹងជនសង្ស័យម្នាក់បណ្តើម៉ូតូ កម្លាំងសមត្ថកិច្ច ធ្វើការឃាត់យកមកសួរនាំស្រាវជ្រាវ ក្នុងនោះជនសង្ស័យបានសារភាពថា ម៉ូតូនេះបានមកពីអំពើលួចក្នុងសង្កាត់លេខ៤ កម្លាំងបានធ្វើការសាកសួរបន្ត ឈានទៅឃាត់ខ្លួនជន សង្ស័យចំនួន ៤នាក់ រួចបន្តស្រាវជ្រាវ ទៅដល់ទីតាំងចំនួនពីរ ដែលមានជនជាតិចិន ជាអ្នកទទួលបញ្ចាំ បានធ្វើការដកហូតម៉ូតូបានចំនួន ៤៨គ្រឿង ហើយមកដល់ពេលនេះ ម៉ូតូដែលមានបណ្តឹងមានចំនួន ៩គ្រឿង នៅសល់ជាង ៣០គ្រឿងទៀត។

ក្នុងឱកាសនោះ លោក គួច ចំរើន ក៏បាននាំយកថវិកាចំនួន ១០លានរៀល ឧបត្ថម្ភជូនអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ជាការលើកទឹកចិត្តផងដែរ ៕

To Top