ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ផ្លូវជាតិលេខ៥ នឹងជំរុញវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជាឲ្យកាន់តែខ្លាំងថែមទៀតដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ។
យោងតាមការលើលឡើង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើបណ្តាញសង្គមនានា នាថ្ងៃទី១២ វិច្ឆិកានេះ បានឲ្យដឹងថា គម្រោងធ្វើឲ្យប្រសើរឡើង ផ្លូវជាតិ លេខ៥ (ផ្លូវអាស៊ានហាយវេលេខ១) ត្រូវបានបើកការដ្ឋានសាងសងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ រាជរ ដ្ឋាភិបាលកម្ពុជា និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ដែលបានប្រើពេលសាងសង់អស់រយៈពេល៥៥ខែ។
សម្តេចធិបតីសង្កត់ធ្ងន់ថា “ផ្លូវជាតិលេខ ៥ នឹងជំរុញវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជាឲ្យកាន់តែខ្លាំងថែមទៀត និងផ្តល់នូវអត្ថប្រយោជន៍យ៉ាងធំធេង ដូចជា អាចបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់ សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន”។
សម្តេចនាយករដ្ឋមន្ត្រីបន្តថា លើសពីនេះទៅទៀត ប្រជាពលរដ្ឋតាមដងផ្លូវមួយនេះនឹងមានជីវភាពកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍ផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា “ផ្លូវជាតិលេខ ៥ (ផ្លូវអាស៊ានហាយវេលេខ១) ស្ថិតនៅក្នុងអាទិភាពគន្លឹះទី២ នៃអាទិភាពគន្លឹះទាំង៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ “។
គួរបញ្ជាក់ដែរថា គម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១) គឺមានប្រវែងផ្លូវ ៣៦៦ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ ផ្លូវអាស៊ានហាយវេលេខ១ គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងចុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕