ព័ត៌មានអន្តរជាតិ

Update៖ ចំនួន​អ្នក​ស្លាប់​ ជនជាតិ​ប៉ាឡេស្ទីន ​នៅតំបន់​ហ្គាហ្សា​កើនឡើង​ដល់ ១១,១៨០​នាក់

រូបភាពពី៖​ XINHUA

ហ្គាហ្សា៖ ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ១១,១៨០នាក់ ចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Ismail Al-Thawabteh នាយកការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហ្គាហ្សា បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននៅ Shifa Medical Complex ថាក្នុងចំណោមអ្នកស្លាប់សរុប ៤,៦០៩​នាក់ជាកុមារ និង ៣,១០០ នាក់ជាស្ត្រី។

លោក Al-Thawabteh បានបន្ថែមថា មន្ទីរពេទ្យចំនួន ២២ និងមណ្ឌលសុខភាពចំនួន ៤៩ បានបញ្ឈប់ប្រតិបត្តិការនៅតំបន់ហ្គាហ្សា ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល និងការខ្វះខាតប្រេងឥន្ធនៈ ដែលត្រូវការសម្រាប់ប្រតិបត្តិការម៉ាស៊ីនភ្លើង។

លោកបានចោទប្រកាន់អ៊ីស្រាអែលថា បានបើកការវាយប្រហារទៅលើអង្គភាពថែទាំអ្នកជំងឺ អគារវះកាត់ និងបន្ទប់សម្ភពនៃ Shifa Medical Complex ដោយអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងជាសកលជាបន្ទាន់ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានៅហ្គាហ្សា និងនាំយកការផ្គត់ផ្គង់មនុស្សធម៌ទាំងអស់រួមទាំងប្រេងឥន្ធនៈដល់ប្រជាជនហ្គាហ្សា។

ជុំចុងក្រោយនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់បានផ្ទុះឡើងនៅថ្ងៃទី០៧ ខែតុលា នៅពេលដែលក្រុមហាម៉ាស បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែល ដោយបានបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់ និងជ្រៀតចូលទឹកដីអ៊ីស្រាអែល ខណៈដែលអ៊ីស្រាអែល បានឆ្លើយតបដោយការវាយប្រហារតាមអាកាស ប្រតិបត្តិការជើងគោក និងវិធានការដាក់ទណ្ឌកម្ម ដែលរួមមានការឡោមព័ទ្ធ នៅលើតំបន់ហ្គាហ្សាស្ទ្រីប៕ ប្រែសម្រួល ឈូក បូរ៉ា

To Top