បរទេស៖ មន្ត្រីអាមេរិកបានប្តូរគំនិតរវាងការបដិសេធចំពោះវត្តមានកងទ័ពអាមេរិកនៅលើដីក្នុងប្រទេសអ៊ីស្រាអែល ហើយទទួលស្គាល់ថា កងកុម្ម៉ង់ដូមួយចំនួនតូចត្រូវបានដាក់ពង្រាយដើម្បីជួយស្វែងរកចំណាប់ខ្មាំង និង ផ្តល់ប្រឹក្សាដល់សមភាគីអ៊ីស្រាអែល។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែកវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ទាហានអាមេរិកត្រូវបានគេរាយការណ៍ថា ត្រូវបានបញ្ជូន ដើម្បីជួយធានាដល់កន្លែងផលិតអាវុធនុយក្លេអ៊ែរដ៏រសើបខ្លាំងរបស់អ៊ីស្រាអែល រួមទាំងទីតាំងសម្ងាត់កំពូលនៅ Dimona ដែលជាកន្លែងកំណើតនៃឃ្លាំងអាវុធនុយក្លេអ៊ែរដែលសង្ស័យរបស់អ៊ីស្រាអែល។
ប្រភពដែលនិយាយទៅកាន់កាសែតជាភាសាអារ៉ាប់ឯករាជ្យលើបណ្តាញអ៊ីនធឺណែត បានបង្ហាញថា សហរដ្ឋអាមេរិកបានប្រាប់អន្តរការីចារកម្មលីបង់ថា ទាហានអាមេរិក “នឹងមិនចូលរួម” ក្នុងប្រតិបត្តិការវាលនៅតំបន់ហ្គាហ្សាស្ទ្រីប “នោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ” ប៉ុន្តែត្រូវដាក់ពង្រាយដើម្បី “ធានា និងការពារ” នៅ រ៉េអាក់ទ័រស្រាវជ្រាវរបស់អ៊ីស្រាអែលចំនួនពីរ មជ្ឈមណ្ឌលស្រាវជ្រាវនុយក្លេអ៊ែរ Negev នៅជិតទីក្រុង Dimona និងកន្លែងទីពីរនៅវាលខ្សាច់ក្បែរតំបន់ Yavne នៅកណ្តាលអ៊ីស្រាអែល។
បណ្តាញផ្សព្វផ្សាយបានអះអាងថា ទាហានអាមេរិករហូតដល់ ២.០០០ នាក់ កំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល សរុបទាំងអស់ក្នុងនោះមានទីប្រឹក្សាយោធា អ្នកបច្ចេកទេស និងកងទ័ពជាច្រើននាក់៕
ប្រែសម្រួលៈ ណៃ តុលា