ព័ត៌មានអន្តរជាតិ

បាតុករគាំទ្រ ប៉ាឡេស្ទីន រាប់ម៉ឺននាក់ ប្រមូលផ្តុំគ្នានៅបារាំង និអង់គ្លេស

AFP

បរទេស៖ ក្រុមបាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅទូទាំងប្រទេសបារាំង និងចក្រភពអង់គ្លេស កាលពីថ្ងៃសៅរ៍ដោយបានអំពាវនាវ ឱ្យឈប់បាញ់គ្នា នៅតំបន់ហ្គាហ្សា ខណៈរាប់រយនាក់ផ្សេងទៀត បានចេញមកម្តងទៀតនៅក្នុងទីក្រុង នានាទូទាំងទ្វីបអឺរ៉ុប។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ការតវ៉ាបានធ្វើឡើងនៅ ទូទាំងទ្វីបអឺរ៉ុប ចាប់តាំងពីការវាយប្រហារមិន ធ្លាប់មានពីមុនមក កាលពីថ្ងៃទី ៧ ខែតុលា របស់ក្រុមហាម៉ាសលើប្រទេស អ៊ីស្រាអែល បានធ្វើឱ្យកើតមាន សង្គ្រាមហ្គាហ្សា។

មនុស្ស​រាប់​ពាន់​នាក់​បាន​ដើរ​ដង្ហែ​កាត់​កណ្តាល​ក្រុង​ប៉ារីស​ក្នុង​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ពី​ក្រោយ​បដា​ដែល​សរសេរ​ថា «បញ្ឈប់​ការ​សម្លាប់​រង្គាល​នៅ​ហ្គាហ្សា និង​តំបន់​វេសប៊ែង ការ​ឈប់​បាញ់​ជា​បន្ទាន់»។

លោក Sophie Binet អគ្គលេខាធិការ សហជីព CGT បាននិយាយថា “ប្រទេសបារាំងត្រូវតែអំពាវនាវ ឱ្យមានការឈប់បាញ់ជាបន្ទាន់ ” ។

CGT បានប៉ាន់ប្រមាណថា មនុស្ស ៦០.០០០ នាក់ បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី និង ៤០.០០០ នាក់ទៀតបានប្រមូលផ្តុំ នៅក្នុងទីក្រុងជាច្រើន ផ្សេងទៀតនៅទូទាំងប្រទេស។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងមហាផ្ទៃ បារាំងបាននិយាយថា មនុស្ស ៧.០០០ នាក់បានដើរដង្ហែរនៅទីក្រុងប៉ារីស និង ៤៥.០០០នាក់ នៅទូទាំងប្រទេសសម្រាប់ថ្ងៃសៅរ៍ទីបីជាប់ៗគ្នា។

នៅទីក្រុង Marseille , សារព័ត៌មាន AFP បានឃើញមនុស្សរាប់រយនាក់បានសម្តែង ភាពស្ងៀមស្ងាត់មួយនាទី សម្រាប់ជនរងគ្រោះប៉ាឡេស្ទីន ក្នុងសង្គ្រាម ខណៈនៅទីក្រុង Toulouse មនុស្សជាង ១.២០០ នាក់បានចូលរួមក្នុងការហែក្បួន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top