បរទេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្រសួងការបរទេសរុស្ស៊ីបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពលរដ្ឋរុស្ស៊ីមួយក្រុមធំ និងសមាជិកគ្រួសារប៉ាឡេស្ទីនរបស់ពួកគេ បានមកដល់ទីក្រុងមូស្គូហើយ ក្រោយហោះចេញពីពីទីក្រុងគែរ តាមជើងហោះហើរពិសេស។
យោងតាមការចេញផ្សាយរបស់កាសែតរុស្សី RT បានឲ្យដឹងទៀតដែរថាក្រុមពលរដ្ឋជាង ១២០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ហ្កាហ្សា ក្នុងពេលមានជម្លោះបន្តរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស។
សេចក្តីថ្លែងការណ៍បានបន្ថែមថា អ្នកជម្លៀសខ្លួនទាំងនោះត្រូវបានទទួល ស្វាគមន៍នៅអាកាសយានដ្ឋាន Domodedovo ដោយក្រុមមន្ត្រីក្រសួងការបរទេស និងជួយពួកគេជាមួយនឹង ឯកសារចាំបាច់ទាំងអស់ដែលតម្រូវ ដើម្បីជួយសម្រួលដល់ការស្នាក់នៅ របស់ពួកគេក្នុងប្រទេសរុស្ស៊ី។
គួរឲ្យដឹងដែរថារុស្ស៊ីបាននិងកំពុង ជម្លៀសពលរដ្ឋខ្លួនយ៉ាងសកម្ម ពីតំបន់ហ្គាហ្សាក្នុងរយៈពេលមួយសប្តាហ៍ កន្លងមកនេះហើយកាលពីថ្ងៃអាទិត្យកន្លងទៅ ក្រុមទីមួយបានធ្វើដំណើរ ពីហ្គាហ្សាទៅកាន់ទីក្រុងគែរ តាមរយៈច្រកព្រំដែន Rafah ចូលទៅក្នុងប្រទេសអេហ្ស៊ីប ដែលនៅតែជាផ្លូវតែមួយគត់ចេញពី ទឹកដីដែលត្រូវបានអ៊ីស្រាអែលឡោមព័ទ្ធ ៕
ប្រែសម្រួល៖ ស៊ុន លី