ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាបានទទួលពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ធានារ៉ាប់រងស្តីពីការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាន
អញ្ញើញទទួលពានរង្វាន់ផ្ទាល់ដែលពានរង្វាន់អង្គភាពឆ្នើមនេះ ទទួលបានពីប្រធានផ្លាស់វេននៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ឆ្នាំ២០២២ – ២០២៣។
យោងតាមរបាយការណ៍របស់ (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា គិតរហូតមកដល់ពេលនេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជាធ្លាប់ទទួលបានពានរង្វាន់អង្គភាពឆ្នើមស្តីពីការអនុវត្តរបបសន្តិសុខសង្គមចំនួន ៧រួចមកហើយពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ហើយពាន់រង្វាន់អង្គភាពឆ្នើមដែលទទួលបាននាពេលនេះ គឺជាពានរង្វាន់ទី៨ ដែលប្រធានសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) បានផ្តល់ជូន។
សូមបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជាធ្លាប់ធ្វើជាប្រធានផ្លាស់វេននៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៣៧, អង្គភាពធានារ៉ាប់រ៉ងគ្រោះថ្នាក់ការងារសម្រាប់កម្មករនិយោជិត (BPJS Ketenagakerjaan) នៃប្រទេសឥណ្ឌូនេស៊ីធ្វើជាប្រធានផ្លាស់វេនលើកទី៣៨, អង្គភាពសន្តិសុខសង្គមឡាវ (LSSO) ធ្វើជាប្រធានផ្លាស់វេនលើកទី៣៩ ហើយលើកទី៤០ ដែលរៀបចំឡើងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ គឺមូលនិធិសន្និច្ច័យសម្រាប់កម្មករនិយោជិត (EPF) នៃប្រទេសម៉ាឡេស៊ី ធ្វើជាប្រធានផ្លាស់វេន នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) បន្ទាប់ពីអង្គភាពសន្តិសុខសង្គមនៃប្រទេសឡាវផងដែរ។
ជាមួយគ្នានេះ លោក ម៉េង ហុង ក៏បានចូលរួមសិក្ខាសាលាថ្នាក់អន្តរជាតិស្តីពី “ ការទទួលយកភាពចំរុះ ដើម្បីកសាងអនាគតរួមគ្នា” នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ។ ហើយនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ក៏បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៤០ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ Hilton Kuala Lumpur ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានសមាភាពចូលរួមពីតំណាងស្ថាប័នសន្តិសុខសង្គមនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ចំនួន ២០ស្ថាប័ន មកពីបណ្តាប្រទេសទាំង ១០។
ក្នុងកិច្ចប្រជុំប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៤០ នេះ សមាជិកទាំងអស់បានពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃផែនការសកម្មភាពឆ្នាំ២០២២-២០២៣ របស់សមាគមសន្តិសុខសង្គមអាស៊ាន (ASSA) និងផែនសកម្មភាពការងារបន្តសម្រាប់ឆ្នាំ២០២៣-២០២៤ របស់សមាគមផងដែរ៕