ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ​គ្រោង​នឹង​បន្ត​ការ​វាយលុក​ នៅ​តំបន់​ហ្កាហ្សា ​បន្ទាប់​ពី​ដោះលែង​ ចំណាប់ខ្មាំង

រូបភាព៖ Xinhua

យេរ៉ូសាឡឹម៖ អ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងបន្តការវាយលុករបស់ខ្លួន នៅតំបន់ហ្គាហ្សាស្ទ្រីបភ្លាមៗ បន្ទាប់ពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មី ដើម្បីដោះលែងចំណាប់ខ្មាំង។

លោក Eylon Levy អ្នក​នាំពាក្យ​រដ្ឋាភិបាល​អ៊ីស្រាអែល​បានឲ្យដឹង​ក្នុង​អំឡុង​សន្និសីទ​កាសែត​ថា​ “​យើង​កំពុង​ធ្វើ​សង្រ្គាម​ជាមួយ​ក្រុម​ហាម៉ាស ជា​សង្រ្គាម​ដែល​ត្រូវ​បាន​ចាប់​ផ្តើម​ជាមួយ​នឹង​ការ​សម្លាប់​រង្គាល​របស់​ក្រុម​ហាម៉ាស​នៅ​ថ្ងៃ​ទី០៧ ខែ​តុលា ហើយ​វា​នឹង​បន្ត”។

លោក Levy បានលើកឡើងថា សង្រ្គាមនឹងចាប់ផ្តើមឡើងវិញភ្លាមៗ បន្ទាប់ពីការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង ដែលបានគ្រោងទុកនៅក្រោមកិច្ចព្រមព្រៀង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

មន្ត្រីអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតែធ្វើការនៅយប់ថ្ងៃពុធ ដើម្បីបញ្ចប់ព័ត៌មានលម្អិតចុងក្រោយនៃកិច្ចព្រមព្រៀងបទឈប់បាញ់បណ្តោះអាសន្ន។ បទឈប់បាញ់រយៈពេល ៤ ថ្ងៃត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែគិតត្រឹមយប់ថ្ងៃពុធ ម៉ោងពិតប្រាកដសម្រាប់ការចាប់ផ្តើម បទឈប់បាញ់មិនត្រូវបានប្រកាសជាផ្លូវការទេ។

លោក Moussa Abu Marzouk មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់បានប្រាប់ Al Jazeera កាលពីថ្ងៃពុធថា បទឈប់បាញ់នៅហ្គាហ្សានឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នៅម៉ោង ១០ព្រឹក ម៉ោងក្នុងស្រុក ​។

បន្ថែមពីលើនេះ ព័ត៌មានលម្អិតជាក់លាក់ទាក់ទងនឹងការដោះលែងកុមារ និងស្ត្រីយ៉ាងហោចណាស់ ៥០ នាក់ដែលត្រូវបានកាន់កាប់ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស នៅក្នុងតំបន់ហ្គាហ្សា ក៏ដូចជាស្ត្រីប៉ាឡេស្ទីន យ៉ាងហោចណាស់ ១៥០នាក់ និងអ្នកទោសជំទង់នៅក្នុងមន្ទីរឃុំឃាំងរបស់អ៊ីស្រាអែល មិនត្រូវបានបញ្ជាក់នោះទេ។

ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល លោក Tzachi Hanegbi បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការពិភាក្សាអំពីព័ត៌មានលម្អិតជាក់លាក់នៃកិច្ចព្រមព្រៀងនេះ នៅតែកំពុងបន្ត។ លោកថា “ការដោះលែងចំណាប់ខ្មាំង នឹងចាប់ផ្តើមយោងទៅតាមកិច្ចព្រមព្រៀងដើម ហើយមិនមែនមុនថ្ងៃសុក្រនោះទេ”។

ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល Mossad លោក David Barnea បានធ្វើដំណើរទៅកាន់ប្រទេសកាតា ដែលជាប្រទេសមិនមានទំនាក់ទំនងផ្លូវការជាមួយអ៊ីស្រាអែល ដើម្បីពិភាក្សាអំពីព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ចេញផ្សាយដោយរដ្ឋាភិបាលអ៊ីស្រាអែល៕

ប្រែសម្រួល ឈូក បូរ៉ា

To Top