ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានអំពាវនាវឲ្យក្រុមបុរសរួមភេទ ជាមួយបុរស ក្រុមអ្នកបំប្លែងភេទ ក្រុមស្រ្តីបម្រើសេវានៅតាម គ្រឹះស្ថានកម្សាន្តសប្បាយ មនុស្សពេញវ័យ ចូលរួមក្នុងការអនុវត្តនូវវិធានការបង្ការការចម្លង មេរោគអេដស៍ឲ្យបានត្រឹមត្រូវ ដើម្បីសុខភាពផ្ទាល់ខ្លួន និងដើម្បីទប់ស្កាត់ការចម្លងថ្មី និងឈានទៅ បញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥បានសម្រេចជោគជ័យ។
ក្នុងឱកាសទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ “សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍” សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការចូលរួម ជាមួយរាជរដ្ឋាភិបាលឆ្ពោះ ទៅសម្រេចគោលដៅ ដែលជាមោទនភាពថ្មីមួយទៀត ដែលនោះ គឺជាការឈាន ទៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥។
សម្ដេចបន្តថា ប្រធានបទ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ ២០២៣នេះ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីអាចបញ្ចប់ជំងឺអេដស៍បាន គឺ ទាមទារឲ្យមានការ ចូលរួមបានពេញលេញ និងប្រកបដោយការយកចិត្តទុក ដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចដែលកម្ពុជាធ្លាប់បាននិងកំពុងបន្តអនុវត្ត ក្នុងការឆ្លើយតបទូលំទូលាយ និងពហុវិស័យ ទៅនឹងមេរោគ អេដស៍/ជំងឺអេដស៍ ដោយមិនទុកនរណាម្នាក់ ឲ្យនៅឯកោឡើយ និងការបង្កើតឲ្យមាន មធ្យោបាយអប់រំ ផ្សព្វផ្សាយថ្មីៗដែលមានលក្ខណៈ ឌីជីថល ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្ញើសារសំខាន់ៗ ជូនជនរួមជាតិ ជាពិសេសយុវជនដូចខាងក្រោម៖
១- ត្រូវប្ដេជ្ញាចិត្តចូលរួមទប់ស្កាត់ការរីករាលដាល និងបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ដោយប្រកាន់ខ្ជាប់ គោលការណ៍សមភាព និងបរិយាបន្ន
២- ត្រូវនាំគ្នា អនុវត្តវិធីសាស្ត្រ មិត្ត-អប់រំ-មិត្ត ក្នុងការចាកឆ្ងាយពីគ្រឿងញៀន ភាពភ្លើតភ្លើនផ្លូវភេទ ដែលជាហានិភ័យខ្ពស់ នៃការឆ្លងមេរោគអេដស៍/ជំងឺកាមរោគផ្សេងៗ និងត្រូវខិតខំរៀនសូត្រ ថែរក្សា សុខភាព បរិភោគអាហារូបត្ថម្ភល្អ ដូចពាក្យចាស់ពោលថា “ស្រឡាញ់ខ្លួន ឲ្យស្ងួនចំណី
៣- ជនរួមជាតិ ដែលសង្ស័យថា បានប្រឈមនឹង មេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តរកមេរោគអេដស៍ឆាប់បំផុត ទទួលបានការថែទាំសុខភាព និងត្រូវប្រើថ្នាំប្រឆាំង មេរោគអេដស៍ត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់
៤- ស្ត្រីមានផ្ទៃពោះ ទៅពិនិត្យនិងថែទាំផ្ទៃពោះជាមួយឆ្មប ឬគ្រូពេទ្យយ៉ាងហោចបាន៤ដងមុន សម្រាលកូន និងទទួលយកសេវាទប់ស្កាត់ ការចម្លងមេរោគអេដស៍/ស្វាយ និងថ្លើម ពីសេវាសុខាភិបាល
៥- ពលរដ្ឋទាំងអស់ ចូលរួមលើកទឹកចិត្ត និងមិនត្រូវរើសអើងឬមាក់ងាយ អ្នកផ្ទុកមេរោគ អេដស៍ និងអ្នកជំងឺអេដស៍ឡើយ
៦- អំពាវនាវដល់ក្រុមបុរសរួមភេទ ជាមួយបុរស ក្រុមអ្នកបំប្លែងភេទ ក្រុមស្រ្តីបម្រើសេវានៅតាម គ្រឹះស្ថានកម្សាន្តសប្បាយ មនុស្សពេញវ័យ ។ ល ។ ត្រូវចូលរួមក្នុងការ អនុវត្តនូវវិធានការ បង្ការការចម្លង មេរោគអេដស៍បានត្រឹមត្រូវ ដើម្បីសុខភាពផ្ទាល់ខ្លួន និងដើម្បីទប់ស្កាត់ការចម្លងថ្មី និងឈានទៅបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ឲ្យបានសម្រេចជោគជ័យ ៕