ហ្សាការតា៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ថា ក្រុមមន្ត្រីបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា គ្រោះទឹកជំនន់ និងគ្រោះបាក់ដីបានកើតឡើងភ្លាមៗ ដោយបានវាយប្រហារមកលើខេត្តស៊ូម៉ាត្រា ដែលស្ថិតនៅភាគខាងជើងនៃប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃសុក្រ ដែលបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង១១នាក់ផ្សេងទៀតបាត់ខ្លួន ។
លោក Budiono ប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះប្រចាំខេត្តស៊ូម៉ាត្រា បានលើកឡើងថា គ្រោះទឹកជំនន់ដែលមាននាំមកនូវល្បាប់ភក់ ដុំថ្មធំៗ និងឈើដែលបាក់ធ្លាក់មកពី ទីខ្ពស់បានវាយប្រហារមកលើផ្ទះ និងអគារនៅក្នុងភូមិ Simangulampe នៃតំបន់ Humbang Hasundutan Regency ។
លោក Budiono បានប្រាប់ដល់ទីភ្នាក់ងារ Xinhua តាមទូរស័ព្ទយ៉ាងដូច្នេះថា “បុគ្គលិករបស់យើងបានរកឃើញ សាកសពម្នាក់នៅថ្ងៃនេះ ។ យើងកំពុងបន្តស្វែងរកអ្នកបាត់ខ្លួនចំនួន ១១នាក់ផ្សេងទៀត” ។
លោក Budiono បានឲ្យដឹងថា ឧបករណ៍គ្រឿងចក្រធុនធ្ងន់ត្រូវបាន ប្រើប្រាស់ដើម្បីកាយយកភក់ចេញពីកន្លែងកើតហេតុ ដែលជនរងគ្រោះត្រូវបានគេសង្ស័យថា ត្រូវបានកប់ក្នុងល្បាប់ភក់ទាំងនោះ ។
លោក Abdul Muhari អ្នកនាំពាក្យមកពីទីភ្នាក់ងារគ្រប់គ្រង គ្រោះមហន្តរាយជាតិ បានលើកឡើងថា រហូតដល់៥០គ្រួសារ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញ ខណៈដែលគ្រោះមហន្តរាយនេះបានបំផ្លាញផ្ទះចំនួន១២ខ្នង អគារសាសនាចំនួន១កន្លែង និងអគារសិក្សាចំនួន១ខ្នង ។
គេបានដឹងថា មានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង បាននឹងកំពុងជន់លិចតំបន់នេះ នៅមុនពេលមានគ្រោះទឹកជំនន់ភ្លាមៗ និងគ្រោះបាក់ដីកើតឡើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា