តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា អ៊ីរ៉ង់ និងរុស្ស៊ី បានចុះហត្ថលេខា លើសេចក្តីប្រកាសរួម ស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្ម និងកាត់បន្ថយផលប៉ះពាល់ អវិជ្ជមាន នៃវិធានការបង្ខិតបង្ខំឯកតោភាគី ។
សេចក្តីប្រកាសនេះត្រូវបាន ចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Hossein Amir-Abdollahian និងសមភាគីរុស្ស៊ីរបស់លោក គឺលោក Sergei Lavrov បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ប្រចាំឆ្នាំនៃរដ្ឋសមុទ្រ កាសព្យែនចំនួន៥ គឺអាហ្សេបៃហ្សង់, អ៊ីរ៉ង់, កាហ្សាក់ស្ថាន, រុស្ស៊ី និងតួមេនីស្ថាន នៅទីក្រុងម៉ូស្គូ។
IRNA បានបន្ថែមថា បន្ទាប់ពីចុះហត្ថលេខា លើសេចក្តីប្រកាស រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាគ្នាអំពីការពង្រីកទំនាក់ទំនងទ្វេភាគី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ក្នុងអំឡុងពេលកិច្ចប្រជុំ របស់ពួកគេ លោក Lavrov បានពណ៌នាការ ផ្លាស់ប្តូរនេះថាជា “ជំហានដ៏សំខាន់មួយ ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលដោយសមាជិក សហគមន៍ពិភពលោក ដើម្បីយកឈ្នះលើការ ដាក់ទណ្ឌកម្មខុសច្បាប់ ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តប្រើប្រាស់ជំនួសការទូត” ។
លោក Lavrov បានសង្កត់ធ្ងន់ថា ទីក្រុងម៉ូស្គូ និងទីក្រុងតេអេរ៉ង់ បានប្តេជ្ញាចិត្តជំរុញ ទំនាក់ទំនងទ្វេភាគី។ អ៊ីរ៉ង់ និងរុស្ស៊ី ដែលទាំងពីរត្រូវបានដាក់ ទណ្ឌកម្មដោយសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានពង្រីកទំនាក់ទំនងនយោបាយ និង សេដ្ឋកិច្ចទ្វេភាគី ដើម្បីទប់ទល់នឹងទង្វើរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូល បូរ៉ា