ព័ត៌មានជាតិ

នគរបាលអូស្ត្រាលី សន្យាបន្តពង្រឹងពង្រីកកិច្ចសហការ ជាមួយនគរបាលជាតិកម្ពុជា ឲ្យកាន់តែស្អិតរមួតបន្ថែមទៀត

ភ្នំពេញ៖ នគរបាលសហព័ន្ធអូស្រ្តាលី បានសន្យាបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិកម្ពុជា ឲ្យកាន់តែស្អិតរមួតបន្ថែមទៀត ទាំងការបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ។

ការសន្យានេះធ្វើឡើងក្នុងឱកាសលោក អែនធើនី មឹកក្វាយ នាយនគរបាលជាន់ខ្ពស់ តំណាងនគរបាលសហព័ន្ធអូស្រ្តាលី អមស្ថានទូតប្រចាំកម្ពុជាចប់អាណត្តិ និងលោកស្រី រ៉េសល ប៊ល នាយនគរបាលជាន់ខ្ពស់ តំណាងនគរបាលសហព័ន្ធអូស្រ្តាលី អមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាថ្មី ចូលជួបសម្តែងការគួរសម និងជម្រាបលានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃ១២ ធ្នូ ។

នាឱកាសនោះនាយឧត្តមសេនីយ៍ ស ថេត បានស្នើលោកស្រី រ៉េសល ប៊ល បន្តកិច្ចសហការដែលមានកន្លងមក ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសបង្កើនកិច្ចសហការលើការងារ បណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ដើម្បីឲ្យ ធនធានមន្ត្រីនគរបាលជាតិសម្រេចបាន ស្របតាមតម្រូវការយុទ្ធសាស្ត្របច្ចកោណ របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ជាការឆ្លើយតបលោក អែនធើនី មឹកក្វាយ និងលោកស្រី រ៉េសល ប៊ល បានទទួលយក និងសន្យាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយនគរបាលជាតិកម្ពុជា ឲ្យកាន់តែស្អិតរមួតបន្ថែមទៀត ទាំងការបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។

ទន្ទឹមគ្នានោះផងដែរ ដើម្បីជាការតបស្នងដល់កិច្ចខិតខំប្រឹងប្រែងក្នុងអាណត្តិរបស់ លោក អែនធើនី មឹកក្វាយ នាយនគរបាលសហព័ន្ធអូស្រ្តាលីជាន់ខ្ពស់ អគ្គស្នងការនគរបាលជាតិ តាមរយៈក្រសួងមហាផ្ទៃ ក៏បានស្នើសុំរាជរដ្ឋាភិបាល ផ្តល់ជូននូវគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ធិបឌិន្ទ ជូនដល់លោក អែនធើនី មឹកក្វាយ ដែលកិច្ចបំពាក់គ្រឿងឥស្សរិយយសនេះ ប្រព្រឹត្តទៅដោយមានវត្តមាន ឯកអគ្គរាជទូតអូស្ត្រាលី ចាស់ស្ទីន វ៉ាយអើត (Justin Whyatt) ផងដែរ៕

To Top