ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា ទទួលសៀវភៅពុម្ពឈ្មោះ «កម្ពុជាក្នុងយុទ្ធសាស្ត្រមហាអំណាច» ចំនួន ១០០ក្បាល របស់បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ

ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល នាថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៣នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានទទួលសៀវភៅពុម្ពឈ្មោះ «កម្ពុជាក្នុងយុទ្ធសាស្ត្រ មហាអំណាច» ចំនួន ១០០ក្បាល ជារបស់ លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ទីប្រឹក្សា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនាំយកមកជូនកាកបាទក្រហមកម្ពុជា តាមរយៈ លោកបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ជាពិសេសថ្លែង នូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងចងក្រងជាស្នាដៃ សម្រាប់ជាប្រយោជន៍ ដល់អ្នកអាន និងអ្នកស្រាវជ្រាវគ្រប់មជ្ឈដ្ឋាន។

លោកស្រី បានជម្រាបជូនថា សៀវភៅ ទាំងនេះ កាកបាទក្រហមកម្ពុជា នឹងបន្តផ្តល់ជូនសាខា កាកបាទក្រហម កម្ពុជា រាជធានី-ខេត្ត ទាំង ២៥, ជូនក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៅគ្រឹះស្ថានឧត្តមសិក្សា ក្នុងរាជធានីភ្នំពេញ ទាំង ២៤, និងសម្រាប់ផ្តល់ជូនសប្បុរសជនសំខាន់ៗ ទៅតាមតម្រូវការចាំបាច់ ៕

To Top