ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៏ បែបបទ និងនីតិវិធី នៃការអនុវត្តមុខងារអប់រំ យុវជន និងកីឡា

កំពង់ចាម ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៣ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៏ បែបបទ និងនីតិវិធី នៃការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

ពិធីនេះបានធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក សក់ សេដ្ឋំ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ នៃ គ.ជ.អ.ប និង លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំង លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃវគ្គបណ្តុះបណ្តាល ជាច្រើនទៀត ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍សំដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ នូវកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការដ៏ល្អរវាងគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តកំណែទម្រង់តាមបែបប្រជាធិបតេយ្យ ជាពិសេសការធ្វើវិមជ្ឈការមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា មកឱ្យរដ្ឋបាលថ្នាក់ក្រោជាតិ នៅកម្រិតថ្នាក់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងបានផ្តល់ការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីជំនាញរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន។ ជាក់ស្ដែងការបណ្តុះបណ្តាលនាថ្ងៃនេះ គឺការពង្រឹងសមត្ថភាពរដ្ឋបាលក្រុង ស្រុក
ខណ្ឌ ក្នុងការអនុវត្តមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ប្រកបដោយប្រសិទ្ធភាព។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាទមានប្រសាសន៍ផងដែរថា មកដល់ពេលបច្ចុប្បន្ននេះ គឺជាជំហានថ្មីមួយទៀត ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ ព្រមទាំងបង្ហាញអំពីសុឆន្ទៈ និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់អទិភាព និងការគាំទ្រ ដល់វិស័យអប់រំយុវជននិងកីឡា ។

លោកឧបនាយករដ្ឋមន្ត្រី បានស្នើសុំដល់សិក្សាកាមទាំងអស់ សូមព្យាយាមសិក្សាឱ្យបានហ្មត់ចត់ ក្តាប់បាននូវខ្លឹមសារ ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕ 

To Top